(ស្វាយរៀង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ទីចាត់ការ១ខ្នង នៅសាលាបឋមសិក្សាកំពង់ចំឡង ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នាឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់ទុកថា សមិទ្ធផលទីចាត់ការនេះ កើតចេញពីការរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមបានល្អ។ 

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីប្រគល់ទីចាត់ការ ចំនួន១ខ្នង ទំហំ៨ គុណ៩ម៉ែត្រ ជូនដល់សាលាបឋមសិក្សាកំពង់ចំឡង ស្ថិតក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ សម្រាប់បម្រើជាប្រយោជន៍រួមនាពេលនេះ។

ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទីចាត់ការនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការអភិវឌ្ឍរីកចម្រើន សម្បូរសប្បាយ រុងរឿងលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដែលកើតចេញពីការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាសន្តិភាព នេះឱ្យបានគង់វង្សយូរអង្វែង។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបន្តថា ចាប់ពីពេលនេះតទៅក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ នៃសាលាបឋមសិក្សាកំពង់ចំឡង នឹងមានកន្លែងសម្រាប់អានសៀវភៅ ក៏ដូចជាការស្វ័យសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ដូចនេះសូមក្មួយៗ ចៅៗជួយថែរក្សាសមិទ្ធផលមួយនេះ ឱ្យបានស្អាត គង់វង្ស ដើម្បីប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ក៏បានស្នើរដល់ក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ព្រោះថាការអប់រំ នឹងផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍យ៉ាងធំធេងដល់ក្មួយៗ ចៅៗ គ្រួសារ និងសង្គមជាតិទាំងមូល។

លោកក៏បានសម្ដែងនូវការកោតសរសើចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែក ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យក្លាយជាទំពាំងពោរពេញទៅដោយសក្តានុពល និងចំណេះដឹង សម្រាប់ប្រទេសជាតិ និងសូមកោតសរសើរចំពោះ លោក គឹម វាសនា ដែលបានផ្ដួចផ្ដើមគំនិត និងសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការកសាង ទីចាត់ការមួយនេះឱ្យលេចចេញជារូបរាងឡើងនាពេលនេះ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូចំនួន ១៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងលោកតា លោកយា យចំនួន៣១នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា១ សិស្សានុសិស្សចំនួន៩៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ១ក្បាល ប៊ិច២ដើម ខ្មៅដៃ ១ដើម និងជ័រលុប១ និងចែកកូនឈើជូនដល់លោកគ្រូ អ្នកគ្រូ ទុកដាំនៅក្នុងបរិវេណសាលារៀនផងដែរ៕