(តាកែវ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាព និងសកម្មភាពអភិវឌ្ឍន៍ចលនាភូមិគំរូក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី នៅក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាភូមិគំរូមួយក្នុងចំណោមភូមិគំរូចំនួន៣០ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំភូមិទាំងអស់ទូទាំងប្រទេសឱ្យក្លាយជាភូមិគំរូដែរ។

គួរជម្រាបថា គម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី បាននិងកំពុងអនុវត្តសាកល្បងក្នុងចំនួន៣០ភូមិ ក្នុងខេត្តចំនួន៣ ឱ្យក្លាយជាភូមិគំរូ គឺខេត្តកំពង់ស្ពឺចំនួន១០ភូមិ ខេត្តតាកែវចំនួន១០ភូមិ និងខេត្តត្បូងឃ្មុំចំនួន១០ភូមិ។ ដោយឡែកនៅឃុំចំប៉ា ស្រុកព្រៃកប្បាស មាន៥ភូមិ៖ ភូមិជម្ពូព្រឹក ភូមិឫស្សីថ្មី ភូមិពន្សាំង ភូមិចំប៉ា និងភូមិរនាមពេជ្រ។

ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរក្នុងពេលនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពនៃការរីកចម្រើនរបស់សហគមន៍ សមិទ្ធផលនានារបស់ភូមិគំរូដែលមានស្រាប់ ក៏ដូចជាដើម្បីសិក្សាអំពីលទ្ធផលនៃការអនុវត្តគម្រោងថា តើទទួលបានផលយ៉ាងណា ជោគជ័យកម្រិតណា ហើយតើត្រូវរៀបចំលក្ខណសម្បត្តិបែបណាទៀត ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំជាផែនការយុទ្ធសាស្រ្តរៀបចំភូមិគំរូផ្សេងទៀតទូទាំងប្រទេស។ កិច្ចដំណើរការរៀបចំនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏កំពុងមមាញឹកពន្លឿនឱ្យបានចប់ស្រេចបាច់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជនបទខាងលើនេះដែរ គឺមានគោលដៅផ្ដោតលើការជួយលើកកម្ពស់ជីវភាពរបស់គ្រួសារប្រជាជននៅទីជនបទ លើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាសហគមន៍នីមួយៗ ពង្រឹងអភិបាលកិច្ចល្អក្នុងសហគមន៍ជាដើម៕