(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចង្អៀត ពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យចាប់ផ្តើមការពិភាក្សាអំពីការងារអាទិភាពក្រោមការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវ ដែលមានមូលបទ «អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់» ព្រមទាំងតម្រង់ទិសកិច្ចការអាស៊ានសម្រាប់ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំចង្អៀតនេះដែរ ក៏នឹងពិភាក្សាលើការបន្តតាមដានការងារក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជា៖ ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕