(វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានឱ្យដឹងថា លទ្ធផល​នេះ​កើតចេញពី​ការខិតខំប្រឹង​ប្រែងរបស់​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​រូប អាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់​ថ្នាក់​​ ពិសេសការ​ចូលរួម​របស់​ប្រជាពលរដ្ឋទូទាំងខេត្តកែប​ ដែលនេះជា​មោទនភាព​សម្រាប់​ខេត្តកែប​ និង​ព្រះរាជាណាចក្រ​កម្ពុជាទាំងមូល​ ក្រោម​ការដឹកនាំ​​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕