(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង ជ្រើសរើសមន្ដ្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន តំណាងឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីដំណើរការ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសគ្រូឯកទេសកីឡា និងអប់រំកាយ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបន្ដពីគោលការណ៍សម្រេចតាំងពីនីតិកាលទី៦នោះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ជ្រើសរើសមន្ដ្រីរាជការថ្មី ចំនួន២,០៨៨នាក់ ក្នុងនោះមានគ្រូឯកទេសអប់រំកាយ និងកីឡា ចំនួន១០០នាក់។

បើតាមលោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, សម្រាប់គ្រូឯកទេសអប់រំកាយ និងកីឡាដែលត្រូវប្រឡងប្រជែងជ្រើសរើសនេះ ត្រូវបានកំណត់ច្បាស់លាស់ទៅក្នុងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ដោយត្រូវបែងចែកទៅតាម២១ខេត្ត។ ចំពោះគណៈកម្មការប្រឡងជ្រើសរើសនេះ មានការចូលរួមពីក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ហើយគ្រប់ភាគីទាំងអស់នឹងចេញប្រតិបត្តិការព្រមៗគ្នាតែម្ដង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤តទៅ។

លោកបានបន្ដថា ឆ្លងកាត់ការសម្រិតសម្រាំងតាំងពីដំណាក់កាលដាក់ពាក្យដំបូង គណៈកម្មការរៀបចំការប្រឡងចម្រាញ់បានបេក្ខជនចុងក្រោយ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយត្រូវចូលប្រឡងប្រជែងជ្រើសរើសនេះ ចំនួន១,៨៩២នាក់។

សម្រាប់ដំណាក់កាលប្រឡងវិញ លោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានឲ្យដឹងថា ប្រភេទវិញ្ញាសាសរសេរ (វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម៉ោង១២កន្លះ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោក ហ៊ុន ម៉ានី បន្ថែមទៀតថា សម្រាប់ប្រភេទវិញ្ញាសាអនុវត្តកីឡាមាន ៣វិញ្ញាសា រួមមាន ទី១៖ អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី, ទី២៖ អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី និងទី៣៖ អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី។

លោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី៣១នេះ មិនខុសពីការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំនោះទេ ពោលគណៈកម្មការរៀបចំ នៅតែបន្តប្រកាន់ខ្ជាប់គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ចេះ គឺជាប់»។

ដោយឡែក លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានគូសបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡានេះ ក្រសួងបានទទួលបេក្ខភាពចុះឈ្មោះ និងបំពេញឯកសារគ្រប់គ្រាន់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន១,៨៩២នាក់ (ស្រី៥៧៩នាក់) រួមមាន៖ កម្រិត ១២+៤ ចំនួន៤៤៣នាក់ និងកម្រិត ១២+២ ចំនួន ១,៤៤៩នាក់។

គួរជម្រាបថា សម្រាប់ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ ក៏មានការចូលរួមពីអ្នកសង្កេតការណ៍ ដែលមកពីស្ថាប័នផ្សេងៗគ្នាផងដែរ ក្នុងនោះរួមមាន៖ ចំនួនមហាជនចុះឈ្មោះសង្កេតការណ៍ សរុប៤២៣នាក់, ចំនួនអ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យ មាន១០រូប, ចំនួនអ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២០រូប និងចំនួនក្រុមការងារសង្កេតការណ៍ ACU ដែលបានត្រៀមចំនួន៨៧រូប៕