(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងបញ្ចប់ឆមាសទី១ ជូននិស្សិតបណ្ឌិត ជំនាន់ទី៨ (វគ្គ១ និងវគ្គ២) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ (វគ្គ១ និងវគ្គ២) នៅសាលមហោស្រពខេមរវិទូនៃអគារខេមរវិទូ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សម្រាប់និស្សិតថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ដែលសិក្សានៅរាជបណ្ឌិត្យសភាទាំងអស់ ត្រូវតែសរសេរសារណា និងនិកេ្ខបបទ។ ព្រមទាំងសរសេរសារណាបែបវិទ្យាសាស្ត្រ ពោលគឺមិនអាចសរសេរជារបាយការណ៍បញ្ចប់បាននោះទេ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា គឺផ្តោតលើគុណភាពវិជ្ជាសាស្ត្រ មានន័យថានិស្សិតដែលមានសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា គឺមានឧបនិស្ស័យវិទ្យាសាស្ត្រនៅក្នុងខ្លួន។ មានន័យថាឱ្យនិស្សិតទាំងអស់មាននិស័យសិក្សាស្រាវជ្រាវ ទៅលើជំនាញរបស់ខ្លួន ខណៈបច្ចុប្បន្ននេះ សង្គមនៅមានចំនួនខ្វះខាតលើការសិក្សាវិទ្យាសាស្ត្រ។

និស្សិតបណ្ឌិត និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានឈ្មោះចូលរួមប្រឡងទាំងពីរនេះ មានចំនួន១៣៧ អង្គ/នាក់។

គួររំលឹកផងដែរថា សម្រាប់ការប្រឡងនាវេលាព្រឹកនេះ គឺនិស្សិតថ្នាក់បណ្ឌិត ត្រូវប្រឡងលើវិញ្ញាសាចំនួនពីរ មានដូចជា៖ វិធីសាស្រ្តស្រាវជ្រាវ និង ទស្សនវិជ្ជា (ការគិតហ្មង់ចត់) ចំណែកឯនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិញ ត្រូវប្រឡងលើពីរវិញ្ញាសារដូចគ្នា រួមមានវីធីសាស្រ្តស្រាវជ្រាវ និង ទស្សនវិជ្ជា។

សូមគូសបញ្ជាក់ផងដែរថា មុនពេលអាចឈានដល់ការសរសេរ និងការការពារសារណា និងនិក្ខេបបទ និស្សិតទាំងអស់ ចាំបាច់ត្រូវតែប្រឡងឱ្យជាប់គ្រប់មុខវិជ្ជាទាំងអស់ដែលខ្លួនបានសិក្សារៀនសូត្រនៅក្នុងថ្នាក់ជាមួយលោកគ្រូ និងអ្នកគ្រូទៅតាមជំនាញ។

ជាសក្ខីភាព នៅរាជបណ្ឌិត្យសភាកម្ពុជា គឺផ្តោតជាសំខាន់លើគុណភាពនៃការសិក្សា ក្នុងន័យនេះ និស្សិតត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញសន្លឹកកិច្ចការប្រឡង ដោយពុំមានភាពធ្វេសប្រហែសណាមួយឡើយ ដោយសារតែ រាល់ការប្រឡងនានា នៅរាជបណ្ឌិត្យសភាកម្ពុជា ឈរលើគោលការណ៍មួយច្បាស់លាស់ គឺ «ចេះគឺជាប់»៕