(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាសហស្ថាបនិក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលគ្រឿងឥស្សរិយយស សម្រាប់សរទរដូវ ឆ្នាំ២០២២ «The Order of the Rising Sun, Gold Rays with Neck Ribbon» ពីរដ្ឋាភិបាលជប៉ុន បន្ទាប់ពីរូបលោកបានចូលរួមចំណែកជំរុញការផ្លាស់ប្ដូរ ផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេស ជប៉ុន និងកម្ពុជាក្នុងវិស័យអប់រំ ជាពិសេសការគាំទ្រ លើការអប់រំភាសាជប៉ុន។

លោក ពិត ចំណាន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រី ការទូតរបស់ស្ថានទូតជប៉ុន ដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការទទួលឱ្យស្នាក់ជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឱ្យមន្ត្រីទាំងនោះមានការយល់ដឹងកាន់តែស៊ី ជម្រៅអំពីសង្គម និងវប្បធម៌កម្ពុជា។

គ្រឿងឥស្សរិយយសនេះ ត្រូវបានប្រគល់ជូនលោក ពិត ចំណាន នាព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅនិវេសដ្ឋានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។ គ្រឿងឥស្សរិយយសទាំងនេះ ត្រូវបានប្រគល់ជូនជនបរទេស ដែលបានចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការយល់ដឹង ចំពោះគ្នាទៅវិញទៅមកជាមួយប្រទេសជប៉ុន។

បើតាមលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា លោក ពិត ចំណាន បានដើរតួយ៉ាង សំខាន់ក្នុងការលើកកម្ពស់កម្មវិធីផ្លាស់ប្តូរ ការសិក្សាក្នុងវិស័យអប់រំ និងក្នុងការលើកទឹកចិត្តឱ្យមានការ យោគយល់គ្នារវាងប្រទេសជប៉ុន និងកម្ពុជា។សមិទ្ធផលដ៏សំខាន់បំផុតមួយ របស់លោក ពិត ចំណាន គឺជាការរួមចំណែករបស់លោកតាមរយៈតួនាទី ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងការលើកកម្ពស់ភាសា និងវប្បធម៌ជប៉ុន។

ឯកអគ្គរដ្ឋទូតជប៉ុនបានរំលឹកថា ខណៈពេលដែលលោក ពិត ចំណាន ធ្វើជាសាកលវិទ្យាធិការនៃ RUPP លោកបានស្នើនៅឆ្នាំ២០០៣ ឱ្យបង្កើតកម្មវិធីសិក្សាភាសាជប៉ុន រយៈពេល៤ឆ្នាំ នៅមហាវិទ្យាល័យភាសាបរទេស។ សំណើរនេះត្រូវបានអនុម័ត ហើយពីរឆ្នាំក្រោយមក ដេប៉ាតឺម៉ង់ភាសាជប៉ុនដំបូងត្រូវបានបង្កើតឡើង។ នៅពេល នោះ ទោះបីជាមានសាលាភាសាជប៉ុនឯកជននៅក្នុងប្រទេសកម្ពុជា ក៏ដោយការបង្កើតដេប៉ាតឺម៉ង់ភាសាជប៉ុនផ្លូវការនៅ RUPP ដែលជាសាកលវិទ្យាល័យជាតិ ដ៏មានកិត្យានុភាពបំផុតមួយ នៅក្នុងប្រទេសបានធ្វើឱ្យមានលទ្ធភាព ផ្តល់ការអប់រំភាសាជប៉ុន ដែលត្រូវបានទទួលស្គាល់ស្តង់ដាជាផ្លូវការ។

បន្ថែមពីនេះ លោក ពិត ចំណាន បានជួយបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ជាលទ្ធផល CJCC ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណRUPP ក្នុងឆ្នាំ២០០៤។ CJCC បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់បំផុត សម្រាប់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ហើយ បានរៀបចំព្រឹត្តិការណ៍វប្បធម៌ជប៉ុនជាច្រើនដូចជា «មហោស្រពគីហ្សូណា» ដែលជាព្រឹត្តិការណ៍វប្បធម៌ជប៉ុនធំជាងគេនៅកម្ពុជា និងការប្រគំតន្ត្រីអូខេស្ត្រាឆ្នាំមុន ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា។

លោក ពិត ចំណាន បានបង្ហាញសេចក្តីរីរាយ ដោយបានទទួលគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន សម្តែងនូវអំណរអរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ស្មោះអស់ពីដួងចិត្តចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសម្រេចប្រគល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២ ជូនដល់រូបលោក។

លោក ពិត ចំណាន បានថ្លែងថា ការផ្លាស់ប្តូរនិស្សិតមកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក លោកពិតជាមានមោទកភាព និងចិត្តសប្បាយរីករាយដោយបានទទួលនិស្សិតជប៉ុន ដែលសិក្សាជំនាញភាសាខ្មែរ ឱ្យមកស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងផ្ដល់ឱកាសផ្សេងៗទៀត ដើម្បីចែករំលែកដល់ពួកគេទាំងនោះ ឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសង្គមនិងវប្បធម៌កម្ពុជា។

ស្ថាបនិក CJCC បានបន្តថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា-ជប៉ុន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់តាមរយៈការបង្កើតឱ្យមានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការជួយឧបត្ថម្ភ គាំទ្រពីទីភ្នាក់ការងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា។

មជ្ឈមណ្ឌល CJCC ត្រូវបានបង្កើតឡើងផ្អែកលើសសរស្តម្ភ៣ រួមមាន៖
ទី១៖ ការលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ទី២៖ បន្តពង្រឹង និងពង្រីកការបណ្តុះបណ្តាលភាសាជប៉ុន ដោយមានការគាំទ្រពីមូលនិធិជប៉ុន
និងទី៣៖ បន្តពង្រីកកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រទេសទាំងពីរ។ ការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌល CJCC អស់រយៈពេល២០ឆ្នាំកន្លងមកនេះពិតជាបានលេចចេញជាផ្លែផ្កា ដោយបាននឹងកំពុងសាយភាយក្នុងសហគមន៍ និងបន្តផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរជាច្រើនទសវត្សរ៍តទៅមុខទៀត។

ដោយឡែកលោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួអប់រំ បានលើកឡើងថា ក្រសួងក៏ទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈដ៏វិសិដ្ឋរបស់លោក ពិត ចំណាន ក្នុងការចូលរួមចំណែកបម្រើជាតិ បម្រើប្រជាជន ក្នុងតួនាទីជាស្ពាននៃការរឹតបន្តឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសលើការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ តាមរយៈ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ ដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។

លោក ពិត ចំណាន គឺជាវីរជនគំរូមួយរូបសម្រាប់ប្រទេសជាតិ ដែលបាននាំមកនូវកិត្តិយស និង មោទនភាពជូនជាតិមាតុភូមិ និងក្រុមគ្រួសារ តាមរយៈការបង្កើតសមិទ្ធផលស្នាដៃដែលមិនអាចកាត់ថ្លៃបាន។ សង្ឃឹមថាលោកនឹងបន្តការបំពេញបេសកកម្មដ៏មានតម្លៃនេះបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍រវាងប្រជាជនទាំងពីរ។

ជប៉ុន គឺជាប្រទេសដែលផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាធំជាងគ បើគិតចាប់តាំងពីឆ្នាំ១៩៩២មក ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖ ការកសាងហេដ្ឋ រចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ការថែទាំសុខភាព និងការងារជំនួយមនុស្សធម៌។ល៕