(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីវឌ្ឍនភាពនៃការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡា។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ត្រូវបានប្រកាស បើកឲ្យបេក្ខជនចុះឈ្មោះប្រឡងប្រជែងយ៉ាងទូលំទូលាយ និងបញ្ចប់ទទួលពាក្យជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

បេក្ខជន ត្រូវមានគុណវុឌ្ឍគ្រប់គ្រាន់ និងបំពេញតាមលក្ខខណ្ឌនៃការជ្រើសរើស ពិសេសត្រូវឆ្លង កាត់ការពិនិត្យកាយសម្បទាជាមុនដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

ជាលទ្ធផល បេក្ខជនដែលបានដាក់ពាក្យសរុប មានចំនួន ១៨៩២នាក់ ស្រី៥៧៩នាក់ ដោយក្នុងនោះបេក្ខជនសម្រាប់ការ បណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+២ ជំនាន់ទី៣១ មានចំនួន១៤៤៥នាក់ (ស្រី៤៥០នាក់) និងបេក្ខជនសម្រាប់ការបណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+៤ ជំនាន់ទី៤ ចំនួន៤៤៧នាក់ (ស្រី១៣៥នាក់)។

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នឹងត្រូវប្រឡងលើវិញ្ញាសា០២ ប្រភេទ គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។

វិញ្ញាសាសរសេរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយត្រូវប្រឡងបីមុខវិជ្ជា រួមមាន៖ ១៖វប្បធម៌ទូទៅ រយៈពេល១ម៉ោង ៣០នាទី និង២៖ជីវវិទ្យា រយៈពេល ១ម៉ោង និងភាសាអង់គ្លេស រយៈពេល១ម៉ោង។

វិញ្ញាសាប្រឡងទាំងអស់ នឹងត្រូវរៀបចំតាក់តែងក្នុងថ្ងៃតែមួយ ពោលគឺរៀបចំវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្តើមប្រឡងពីម៉ោង១២៖៣០ ថ្ងៃត្រង់តទៅ។

ចំណែកវិញ្ញាសាអនុវត្តន៍កីឡា នឹងចាប់ផ្តើមពីរសៀលថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២៤ និងបន្តបន្ទាប់រយៈពេល៨ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយអនុវត្តបី ប្រភេទកីឡា រួមមាន៖ ចោលដុំដែក លោតចម្ងាយ និងរត់ល្បឿន។

បេក្ខជនម្នាក់ៗត្រូវអនុវត្តវិញ្ញាសាចោលដុំដែក ចំនួន ២ដងជាប់គ្នា រួចបន្តទៅវិញ្ញាសាលោតចម្ងាយ ដោយលោតចំនួន ២ដងជាប់គ្នា និងបន្តទៅវិញ្ញាសារត់ ល្បឿនចំនួន១ដង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន៖