(ភ្នំពេញ)៖ កម្លាំងនគរបាល និងអាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលខណ្ឌស្ដីទី នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដ ក្នុងមូលដ្ឋានខណ្ឌ សំដៅចូលរួមទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។

ក្រៅពីមូលដ្ឋានខណ្ឌដូនពេញ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបន្ដប្រតិបត្តិការនេះដូចគ្នាផងដែរ នៅតាមគោលដៅសំខាន់ៗ ដែលកំណត់ដោយស្នងការនគរបាលរាជធានីភ្នំពេញ។

សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម៕