(កំពង់ឆ្នាំង)៖ សមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ លោក សាន់ យូ បានលើកឡើងថា សាសនិកឥស្លាមទាំងអស់ពិតជាចងចាំមិនភ្លេចទេដែលសាសនាឥស្លាម ក៏ដូចជាសាសនាដទៃទៀត ត្រូវបានលុបបំបាត់ទាំងស្រុង ក្នុងសម័យខ្មែរក្រហម ប៉ុល ពត គ្មានសិទ្ធិសេរីភាព គ្មានព្រះវិហារ គ្មានវត្តអារាម គ្មានការជួបជុំធ្វើបុណ្យទាននានាដូចសព្វថ្ងៃនេះទេ។ ឯការរស់រានមានជីវិត និងមានសាសនាឡើងវិញ ដូចសព្វថ្ងៃនេះដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកបិតាសន្តិភាពរបស់កម្ពុជា។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ ក៏ដូចជាអាណត្តិទី៧នេះ បានអនុវត្តគោលនយោបាយអនុវត្តនូវគ្រប់សាសនានៅលើទឹកដីកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនោះឡើយ គឺមានសិទ្ធិគោរពជំនឿសាសនាដោយសេរី។ ដោយឡែក នៅក្នុងការងារដឹកនាំស្ថាប័នថ្នាក់ជាតិ ក៏មានជនជាតិខ្មែរឥស្លាម ជាអ្នកដឹកនាំ និងនៅក្នុងការងារនយោបាយ ក៏មានជនជាតិខ្មែរឥស្លាមជាមន្ត្រីជាន់ខ្ពស់ ថ្នាក់ជាតិ ចូលរួមជួយសង្គមជាតិយើងផងដែរ។

លោកបន្ដថា សន្និបាតថ្ងៃនេះមានគោលបំណងដើម្បីពង្រឹងនូវជំនឿផ្នែកសាសនាឥស្លាម និងផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ក្នុងសង្គមជាតិ។ គោលបំណងទាំងពីរនេះ មានសារៈសំខាន់ចាំបាច់ដូចគ្នា ពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរ ក្នុងចិត្តការជួបជុំគ្នានេះ ក៏បានផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការស្វែងរកភាពរីកចម្រើននៅក្នុងសហគមន៍មូលដ្ឋាន ពង្រឹង និងពង្រីកសាមគ្គីភាព ការយោគយល់អធ្យាស្រ័យគ្នាទៅ វិញទៅមក ដើម្បីការអភិវឌ្ឍឲ្យមានការីកចម្រើនលើគ្រប់វិស័យ។

លោកក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះក្រុមការងារ និងលោកប្រធានសមាគម ដែលបានយកចិត្តទុកដាក់រៀបចំសន្និបាតប្រចាំឆ្នាំនាថ្ងៃនេះ និងបានអំពាវនាវដល់សាសនិកក្នុងសមាគមមួយចំនួន បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះលោក ម៉ាន ម៉ាត់ ប្រធានសមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជា បានបញ្ជាក់ថា ការប្រមូលផ្ដុំជួបជុំគ្នាសន្និបាតប្រចាំឆ្នាំថ្ងៃនេះ គឺជាការជួបជុំរបស់បងប្អូនសាសនិកឥស្លាមជាច្រើន មកពីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ កំពត និងសាសនិកមកពីបរទេសមួយចំនួនទៀត ដើម្បីចូលរួមផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ជជែកគ្នាអំពីធម៌វិន័យសាសនាអ៊ីស្លាម ដើម្បីអប់រំមនុស្សឲ្យស្គាល់ខុសស្គាល់ត្រូវ និងធ្វើតែអំពើល្អ ដើម្បីជួយសង្គមជាតិ ឲ្យមានការរីកចម្រើនរុងរឿង និងរស់នៅមានសុខសន្តិភាព។

ដោយឡែកនៅក្នុងឱកាសនោះ សាសនិកឥស្លាម ដែលអញ្ជើញចូលរួមក្នុងអង្គសន្និបាត ចំនួន៣៦នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងការងារមនុស្សធម៌ក្នុងការរួមចំណែកយ៉ាងសំខាន់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមនៅក្នុងខេត្តកំពង់ឆ្នាំង៕