(កណ្តាល)៖ កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅក្បាលព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពីវង់ល្បែងស៉ីសង ជល់មាន់ និងបាញ់អាប៉ោងនោះ បានចុះទៅបង្ក្រាបជាបន្ទាន់ ដោយបានប្រមូលវត្ថុតាងមួយចំនួនផងដែរ យកមករក្សាទុក ខណ:ដែលអ្នកញៀនល្បែងទាំងនោះដឹងខ្លួនមុន បាននាំគ្នារត់ព្រោងព្រាតតែម្តង។
លោក ចាន់ រស្មី នាយនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ បានបញ្ជាក់នៅព្រឹកនេះថា «ទីតាំងល្បែងមួយនេះ ខ្ញុំ បានទទួលបទបញ្ជាភ្លាមៗ ពីលោកស្នងការ និងលោកអធិការ បានចុះទៅបង្ក្រាប និងបិតចោលតែម្តង មិនឲ្យបន្តលេងទៀតឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់ គោលនយោបាយភូមិឃុំមានសុវត្ថិភាព»។
នាយនគរបាលប៉ុស្តិ៍រូបនេះ បានបន្តទៀតថា ថ្នាក់លើបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់កម្លាំងក្រោមឱវាទ ចំពោះល្បែងស៉ីសងគ្រប់ប្រភេទ ត្រូវតែបង្ក្រាបជាដាច់ខាត មិនឲ្យកើតមាននៅក្នុងមូលដ្ឋានរបស់ឡើយ ប៉ុន្តែចំពោះទីតាំងជល់មាន់នេះ វាមានការឆកល្វែងខ្លះដោយសារ ក្រុមអ្នកលេងល្បែងប្រជល់មាន់នេះ គឺពួកគេដូចឈ្លើងក្រឡះដោយគេកាន់មាន់ផ្គូផ្គងគ្នាត្រូវរ៉ូវហើយ បានគេបីមាន់ចេញទៅរកឱកាសល្អបោះព័ទ្ធកៅស៊ូជល់ប្រាវៗទៅបាត់អស់ ទើបកម្លាំងនគរបាលពិបាកក្នុងការតាមបង្ក្រាប។ ម្យ៉ាងវិញទៀត កាលពីម្សិលមិញ វាជាឱកាសល្អសម្រាប់លេងល្បែងទាំងអស់ហ្នឹង ជាពិសេសក្រុមល្បែងប្រជល់មាន់នេះ តែម្តងដោយសារកម្លាំងរបស់លោកទាំងអស់ រវល់តែបំពេញកាតព្វកិច្ច ជូនប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាប័ណ្ណ ទើបក្រុមនេះវាអាចឆ្មក់ឱកាសលេងបាន។
លោក ចាន់ រស្មី បានបន្តថា «ទោះបីជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំនឹងខិតខំទប់ស្កាត់បង្ក្រាបឲ្យបានជាដាច់ខាត ចំពោះក្រុមនេះអ្នកលេងល្បែងស៉ីសងទាំងនេះ ប៉ុន្តែវាអាចមានចន្លោះប្រហោចបន្តិច ជាក់ជាមិនខានដោយសារកម្លាំងយើង តិចវាមិនអាចមើលគ្រប់ទីកន្លែងបាននោះទេតែ ខ្ញុំនិងខិតខំលុបបំបាត់ឲ្យទាល់តែបាន ដើម្បីអនុវត្តន៍ឲ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច»។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញទីតាំងជល់មាន់ បង្កប់អាប៉ោង១វង់ដ៏ដំ ផងដែរកំពុងបើកលេងយ៉ាងកងរំពង នៅចំណុចមាត់បឹងក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមិនបានរំខានដល់នគរបាល ឬអាវុធហត្ថស្រុក ខេត្តនោះទេ។
គេឃើញក្រុមអ្នកញៀនល្បែង ប្រជល់មាន់ ឬអាប៉ោង បានធ្វើដំណើរសម្រុក ទៅឃុំក្រាំងយ៉ូវបន្តកន្ទុយគ្នា ដោយទឹកមុខញញឹមញញែម រួចជិះចូល ទៅមាត់បឹងក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ គេបានឃើញទីតាំងប្រជល់មាន់ដ៏ធំមួយ និងមានបង្កប់អាប៉ោងមួយវង្សផងដែរ ដែលមានប្រជាពលរដ្ឋញៀនល្បែង អញ្ជើញមកពីតំបន់នានាជាច្រើន ចូលមកលេង ដោយបើកជល់ក្នុង១ថ្ងៃ ចន្លះពី២០ ទៅ៣០គូរ ដោយក្នុង១គូរៗ ដាក់លុយភ្នាល់រាប់លានរៀល ហើយក្នុង១គូរ គេដកដើមថាន់ចាប់ពី១០ម៉ឺនរៀល ឡើងទៅ ដូច្នេះក្នុង១ថ្ងៃ អាចដកដើមថាន់ បានរាប់លាន។
ប្រជាពលរដ្ឋ នៅឃុំក្រាំងយ៉ូវ បាននិយាយថា ម្ចាស់ទីតាំងជល់មាន់នោះ ត្រូវបានគេស្គាល់ ឈ្មោះ ឈឿន ដែលជាមេបើកល្បែងស៊ីសង ដុះស្លែនៅក្នុងឃុំក្រាំង ចំណែកមន្ដ្រីនគរបាល ឬអាវុធហត្ថ ហាក់បីដូចគ្រាន់ទៅបង្អើលៗ បង្គ្រប់កិច្ចតែប៉ុណ្ណោះ គេមិនដឹងថាម្ចាស់សង្វេននេះ មានខ្នងបង្អែកប៉ុណ្ណានោះទេ បានជាគេអាចបើកលេងបានដោយរលូនបែបនេះ៕