(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស (UK Infrastructure and Project Authority - IPA) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តី «ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង៖ ការបណ្តុះបណ្តាលរបស់អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធនិងគម្រោង (IPA) ស្តីពីការអភិវឌ្ឍ ការកៀរគរហិរញ្ញវត្ថុ និងហិរញ្ញប្បទានគម្រោងប្រកបដោយប្រសិទ្ធភាព» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការទទួលបន្ទុកកិច្ចការងារ ពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងចែករំលែក, ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីវដ្តនៃគម្រោង PPP ដែលផ្ដោតសំខាន់លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងគម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ) តាមយន្ដការ PPP ដោយលើកយកករណីសិក្សា (Case Study) ស្តីពីបទពិសោធន៍នៃការអភិវឌ្ឍគម្រោងខាងលើ ដើម្បីចែកជូនដល់សិក្ខាកាមដែលបានចូលរួម ក្នុងគោលបំណងបន្តកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និង អនុវត្តគម្រោង PPP នៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាផងដែរថា វគ្គបណ្តុះបណ្តាល នេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងបទពិសោធន៍នៃគម្រោងសាកល្បង នៃ Green SEZ ដែលរៀបចំឡើងក្រោមជំនួយបច្ចេកទេសរបស់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌកម្មវិធី IPA ពាក់ព័ន្ធនឹងជំនាញ និងចំណេះដឹងលើយន្តការ PPP។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់សិក្ខាកាម ព្រមទាំងភាពយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបយកនូវចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះសំខាន់ៗ នៅក្នុងកិច្ចពិភាក្សា និងស្វែងយល់បានស៊ីជម្រៅទៅលើប្រធានបទនៃកម្មវិធីសិក្សានីមួយៗ។ បន្ថែមលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តសហការជាមួយក្រុមការងារ IPA និងស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា លើកិច្ចសហប្រតិបត្តិការសម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា៕