(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន ធី ធី ភី គ្រុប ខូអិលធីឌី (TTP Group Co., Ltd.) និងក្រុមហ៊ុន អ៊ីល ប្រៀល ខូអិលធីឌី (ILBRILLE Co., Ltd.) បានសហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រកាសបើក ស្តីពី «ការអនុវត្តគម្រោងជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព» ដែលប្រព្រឹត្តនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) ក្រោមអធិបតីភាព វត្តមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម អ៊ូអ៊ីណូ អាត់ ស៊ូស៊ី (UENO ATSUSHI) ឯកអគ្គរាជទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស។

គម្រោងនេះដែរបានជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព នេះគឺធ្វើឡើង តាមរយៈការរៀបចំកម្មវិធី បណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញព្យាបាល និងថែរក្សាស្បែកមុខ រយះពេល២ឆ្នាំ។

លោកឧកញ៉ា តែ ប៉រហុង អនុប្រធានក្រុមហ៊ុន TTP GROUP Co., Ltd. មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងជម្រាបជូនពីគោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះគឺដើម្បីជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព ផ្ដល់ឱកាសការងារ និងមុខរបរដល់ស្រ្តីកម្ពុជា ដែលមានបំណង ឬចំណាប់អារម្មណ៍ ក្នុងការចាប់យកអាជីព និងចាប់ផ្តើមអាជីវកម្មជាអ្នកជំនាញព្យាបាល និងថែរក្សា ស្បែកមុខតាមបែបស្តង់ដារជប៉ុន។

សិស្ស និងនិស្សិតនឹងធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលដែលការបង្រៀនដោយអ្នកឯកទេសមកពីប្រទេលជប៉ុនផ្ទាល់ មានបទពិសោធច្រើនឆ្នាំ លើវិស័យថែរក្សាសម្ផស្ស ព្រមទាំងមានការបញ្ចូលនូវកម្មវិធីបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពទៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការព្យាបាល និងថែរក្សាសម្ផស្សនេះ ដើម្បីឱ្យសិស្ស និងនិស្សិតដែលបានបញ្ចប់ការ សិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងបាន ឬបន្តការងារជាមួយវិស័យថែរក្សាសម្ផស្សប្រកបដោយជំនាញ វិជ្ជាជីវៈ ត្រឹមត្រូវ ច្បាស់លាស់ និងតាមស្តង់ដារអន្តរជាតិ។ លោកឧកញ៉ា តែ ប៉រហុង សង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះ នឹងក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍន៍ធនធានមនុស្ស បង្កើនអត្រាកម្មភាពនិងសហគ្រិនភាពរបស់ស្ត្រី លើជំនាញព្យាបាលនិងថែរក្សាសម្ផស្សនៅកម្ពុជា ព្រមទាំង ជួយបង្កើនកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងជប៉ុន ដើម្បីជាឱកាសសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតនាពេលអនាគតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា បានបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី របស់TTP Group Co., Ltd. គឺក្រុមហ៊ុន Purifix Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល Collagen ផលិតនៅប្រទេសជប៉ុន នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕