(សៀមរាប)៖ នៅរសៀលថ្ងៃទី២៨ ខែសីហានេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកស្រី Dang Thi Bich Lien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានសម្តែងនូវការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី អនុរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បង្កើននូវកិច្ចសហប្រតិបត្តិការ លើការងារពាក់ព័ន្ធ ទៅនឹងការងារវប្បធម៌ កីឡា និងទេសចរណ៍។
លោកអភិបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅខេត្តសៀមរាប នឹងមានរៀបចំកម្មវិធីសម្ដែងសិល្បៈ ក្រោមប្រធានបទ «សប្ដាហ៍វប្បធម៌វៀតណាម នៅខេត្តសៀមរាប» ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៦៖០០រសៀល នៅរោងមហោស្រពសិល្បៈ រ៉ូស្សាណា ប៊្រវេរ៕