(កំពង់ធំ)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានចេញប្រកាសព័ត៌មាន ដោយច្រានចោលការផ្សាយតាមបណ្តាញសង្គមមួយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធផ្ទៃដីទំហំ ១៦០០ហិកតា ស្ថិតនៅតំប់វាស្រង៉ែ ស្រុកកំពង់ស្វាយ។

សេចក្តីប្រកាសព័ត៌មាន បានបំភ្លឺថា ពាក់ព័ន្ធផ្ទៃដីទំហំ១៦០០ហិកតា ស្ថិតនៅតំបន់វាលវាលស្រង៉ែ (វាលផ្អែកដំបង) ក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាដីស្ថិតក្នុងដីកាលេខ ០៧៨ ដខ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋបាលខេត្ត ស្តីពីការប្រគល់សិទ្ធិ ជូនលោក សុខ មុន្នី ដើម្បីខ្លីដីពីរដ្ឋធ្វើស្រែប្រដេញទឹក និងស្រែប្រាំង។

ដីកានេះត្រូវបាននិរាករណ៍ដោយដីកាលេខ ៨១ ដខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ និងដីកាលេខ ៨២៥ខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ ដោយដីកាលេខ ៨១ ដខ ដែលមានផ្ទៃដីទំហំ ៧០០ហិកតា ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៤២០គ្រួសារ ដែលមានលោក សុខ សឹង, លោក ឃន ស៊ីវ និងលោក អ៊ុំ ម៉េង ជាតំណាង។

ដីនេះត្រូវបានប្រជាពលរដ្ឋ ចូលទៅកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល ចំពោះដីកាលេខ ៨២ ដខ ដែលមានផ្ទៃដីទំហំ ៩០០ហិកតា បានប្រគល់ជូនលោក សុខ មុន្នី ដើម្បីធ្វើការវិនិយោគ រហូតមកដល់ពេលនេះ គឺផ្ទៃដីទំហំ ៩០០ហិកតា ស្ថិតនៅក្នុងការគ្រប់គ្រងប្រើប្រាស់របស់លោក សុខ មុន្នី នៅឡើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្ត ស្វាគមន៍ជានិច្ចក្នុងការសហការផ្តល់ និងទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋានទាំងអស់ និងស្នើឲ្យសារព័ត៌មានដែលបានចុះផ្សាយ និងសារព័ត៌មានដទៃទៀត ដែលមានបំណងចង់ស្វែងយល់ករណីនេះ ឬព័ត៌មាន ផ្សេងៗទៀត សូមមកទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់នៅរដ្ឋបាលខេត្ត រៀងរាល់ម៉ោងធ្វើការ៕