ប្រជាពលរដ្ឋស្រុកវាលវែង ប្រគល់អាវុធ AK មួយដើម ឲ្យសមត្ថកិច្ច បន្ទាប់ពីមានការយល់ដឹងពីច្បាប់
28-08-2016 22:54
(ពោធិ៍សាត់)៖ ក្រោយពីទទួលបានការផ្សព្វផ្សាយ ទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយភូមិ-ឃុំ សុវត្ថិភាពរួចមក ឃើញថាប្រជាពលរដ្ឋ នៅស្រុកវាលវែង បានយកអាវុធ AK មួយដើម ដែលគាត់បានប្រទះឃើញនៅក្នុងព្រៃចំការ ស្ថិតក្នុងភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរសោម នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ពលរដ្ឋដែលបានប្រគល់អាវុធ AK មួយដើមគ្មានគ្រាប់ មកប្រគល់ឲ្យសមត្ថកិច្ចដោយខ្លួនឯងនោះមានឈ្មោះ ឈួន អ៊ីម អាយុ៥៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការ បានបន្តថា ការដែលប្រជាពលរដ្ឋប្រគល់ឲ្យនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់ពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ព្រោះថាការរក្សាទុកអាវុធ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕