(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយ លោក លោកស្រី ជាអនុប្រធាន រួមជាមួយសមាជិក សមាជិកាក្រុមការងាររាជដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដើម្បីពិភាក្សាបូកសរុបលទ្ធផលការងារក្នុងខែទី១ និងលើកផែនការទិសដៅការងារបន្ត។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា គ្រប់រូប ដែលបានខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចយ៉ាងល្អប្រសើរតាមជំនាញរៀងៗខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់គួរឲ្យកត់សម្គាល់។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារ បានលើកទឹកចិត្តដល់ក្រុមការងារ ឲ្យបន្តការទទួលខុសត្រូវនេះ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានល្អប្រសើរសំដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕