(កំពង់ធំ)៖ បច្ចុប្បន្នដីរដ្ឋនៅតំបន់៣ទីតាំងខ្វាក់ទោចខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោ ដែលជនខិលខូចកំពុងតែរុករានទន្ទ្រាន និងជីកប្រឡាយយកទឹកមកស្រោចស្រពស្រូវប្រាំងរបស់ខ្លួន ដើម្បីអាស្រ័យផលមិនបានជូនដំណឹង មកអាជ្ញាធរមូលដ្ឋាននោះឡើយ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋកំពុងតែរំលោភបំពានដីធ្វើស្រែប្រាំង មានចំនួន ៨,០០០ហិកតា ដែលស្ថិតនៅតំបន់ (ខ្វាក់ទោចខ្វាក់ធំ) ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជនខិលខូចមួយចំនួន នៅតែរុករានទន្ទ្រាន រំលោភយកដីរដ្ឋ នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនគោរពទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តទៀតថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណង គឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើបងប្អូនមានក្បាលដី ជាប់នឹងក្បាលដីរដ្ឋ សូមកុំរូករានទន្ទ្រានបន្តទៀត ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង ធ្វើឲ្យបាត់បង់ព្រៃលិចទឹក ដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឲ្យបានល្អ ហាមជាដាច់ខាតមិនឲ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់៣ ដែលជាដីរបស់រដ្ឋសូមរាយការណ៍ មកអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕