(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកសវនាការសំណុំរឿងទាក់ទិននឹងករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៣៥ ង ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន ០៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០៖១០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងដោយមានការដឹកនាំសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរភ្លើងស្តុប ផ្លូវជាតិលេខ៤ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់មានឈ្មោះ ស្រី គឹមលួ ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ ឃឹម សុភក្រ ភេទប្រុស ជនជាតិខ្មែរ។

បន្ទាប់មកក្រុមប្រតិបត្តិការបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ ទៅបន្តរកមេក្លោង និងបក្ខពួកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ នៅចំណុចពីរគោលដៅផ្សេងគ្នា។ គោលដៅទី១: ប្រព្រឹត្តនៅចំណុចភូមិស្តង់តាងួន សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនឈ្មោះ ផាន កំសត់ ភេទប្រុស ជនជាតិខ្មែរ ព្រមទាំងចាប់យកវត្ថុតាងសង្ស័យសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួនដប់ប្រាំបួនដុំ និងគោលដៅទី២៖ ប្រព្រឹត្តនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់បាលីលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនឈ្មោះ បន បៀង ហៅម៉ី ភេទប្រុស ជនជាតិ ខ្មែរ និងឈ្មោះ ជា រ៉ុង ភេទប្រុស ជនជាតិខ្មែរ។ ការបង្ក្រាបនេះ កម្លាំងជំនាញចាប់យកបានថ្នាំញៀនជាង ១៩គីឡូក្រាម។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់, កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

រយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗជាច្រើន ត្រូវបានបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន៖