(ស្វីស)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ លោក Latsamy Keomany ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសឡាវ ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណងស្នើដល់ភាគីឡាវ ពិចារណាចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

ក្នុងជំនួបប្រជុំនេះ លោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះសមិទ្ធផលរបស់ឡាវក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម និងកោតសរសើរដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្រដល់សកម្មភាពបោសគ្រាប់បែកចង្កោម របស់ឡាវ ហើយលោកក៏បានជម្រាបជូនដល់ភាគីឡាវផងដែរថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់ សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ។

ជាមួយគ្នានេះ លោកបានស្នើឱ្យភាគីឡាវពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយកម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប លោក Latsamy Keomany បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។

លោក Latsamy Keomany បានថ្លែងថា ទោះបីឡាវមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឡាវបានចូលរួមគាំទ្រការអនុវត្តបទដ្ឋាន និងសកម្មភាពនានារបស់អនុសញ្ញា ហើយឡាវក៏បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ ហើយឡាវនឹងពិចារណាលើសំណើររបស់កម្ពុជា ពាក់ព័ន្ធនឹងការចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ារបស់ឡាវ៕