(ភ្នំពេញ)៖ ក្រសួងទេសចរណ៍រួមជាមួយក្រសួង ស្ថាប័ន អង្គការដៃគូនានាកំពុងខិតខំពន្លឿនការបង្កើតសេចក្ដីព្រាងកម្មវិធីសិក្សាផ្អែក លើសមត្ថភាព សម្រាប់រៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញបត្រវិជ្ជាជីវៈ១ (C1) លើជំនាញ២ គឺការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដើម្បីបាននូវឯកសារផ្លូវការមួយ ដែលទទួលស្គាល់ពីថ្នាក់ជាតិ សម្រាប់ដាក់ឱ្យសាលាអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬសាលា TVET ទូទាំងប្រទេស ប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាល ដល់សិក្ខាកាមប្រកបដោយមានស្ដង់ដារួម។

ជាក់ស្ដែងនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីសេចក្ដីព្រាងកម្មវិធីសិក្សាផ្អែកលើសមត្ថភាព សម្រាប់រៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញបត្រវិជ្ជាជីវៈ១ (C1) លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នៅភោជនីយដ្ឋានបាយ័នកាល់ម៉ែត។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគម្រោងបណ្ដុះបណ្ដាល HoKa បានឱ្យដឹងថា ក្នុងការរៀបចំគុណវុឌ្ឍិជាតិសម្រាប់មុខរបរណាមួយ គឺត្រូវឆ្លងកាត់ជំហានចំនួន៤ រួមមាន៖ ជំហានទី១-ត្រូវរៀបចំកម្រងសមត្ថភាព ជំហានទី២-រៀបចំស្ដង់ដាសមត្ថភាព ជំហានទី៣-រៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្អែកលើសមត្ថភាព និងជំហានទី៤-រៀបចំកម្មវិធីវាយតម្លៃផ្អែកលើសមត្ថភាព។

លោកបានបន្តថា សម្រាប់ការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញបត្រវិជ្ជាជីវៈ១ លើជំនាញទាំង២នេះ គឺបានដំណើរការរៀបចំដល់ជំហានទី៣ហើយ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាសថា តើជំនាញការិយាល័យជួរមុខ ក៏ដូចជាជំនាញសេវាកម្មប្ហូបអាហារនិងភេសជ្ជៈនេះ ត្រូវរៀនមេរៀនអ្វីខ្វះ ស្ដង់ដាវិនិច្ឆ័យមានអ្វីខ្លះ ប្រើប្រាស់សម្ភារៈអ្វីខ្លះសម្រាប់ការបណ្ដុះបណ្ដាល វិធីសាស្ត្របណ្ដុះបណ្ដាលមានអ្វីខ្លះ ពោលគឺត្រូវមានឯកសារលម្អិត។ ប្រសិនបើយើងរៀបចំឯកសារឱ្យបានលម្អិត នឹងផ្ដល់ភាពងាយស្រួលសម្រាប់ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍។

លោក ជួប រតនា បានបន្ថែមថា ក្រុមការងារនឹងបញ្ចប់ការរៀបចំនៅជំហានទី៣នេះនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខ ហើយគ្រោងនឹងបញ្ចប់ជំហានទី៤ នាខែមីនា ឆ្នាំ២០២៤​ ខាងមុខដែរ ដល់ពេលនោះនឹងស្នើសុំការអនុម័តពីគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដល់ខែមីនានោះនឹងមានកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលដែរ ដូច្នេះប្រសិនបើគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលអនុម័តហើយ យើងនឹងបានឯកសារផ្លូវការនេះដាក់ឱ្យអនុវត្តការបណ្ដុះបណ្ដាលជាផ្លូវការនៅតាមសាលា TVET នានាទូទាំងប្រទេស ដូចជានៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែបជាដើម។

លោក រតនា ក៏បានបញ្ជាក់ពីគោលបំណងនៃការរៀបចំគុណវុឌ្ឍិជាតិលើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះថា គឺដើម្បីផ្ដល់ការបណ្ដុះបណ្ដាលរួមដូចគ្នាដល់សិក្ខាកាម ហើយនៅពេលសិក្ខាកាមទទួលបានជំនាញ ក៏មានសមត្ថភាពប្រកបដោយស្ដង់ដាដូចគ្នាដែរ។ ការងារនេះក៏គឺជាការរួមចំណែកជាមួយផែនការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងរងហានិភ័យប្រមាណ១.៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាការរំពឹងទុករបស់លោកប្រធាន ជួប រតនា បន្ទាប់ពីបញ្ចប់ការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះហើយ ក្រសួងនឹងបន្តរៀបចំឱ្យមានសញ្ញាបត្រវិជ្ជាជីវៈ២ (C2) និងសញ្ញាបត្រវិជ្ជាជីវៈ៣ (C3)។ លោកថា ដោយសារកន្លងមកមានអ្នកជំនាញជាច្រើនដែលបានបម្រើការក្នុងវិស័យទេសចរណ៍យូរឆ្នាំហើយ និងមានសមត្ថភាពជំនាញហើយ តែមិនទាន់មានសញ្ញាបត្របញ្ជាក់ពីកម្រិតសមត្ថភាពរបស់ពួកគាត់ ដូច្នេះរាល់អ្នកជំនាញទេសចរណ៍ដែលមានបទពិសោធន៍ការងារចាប់ពី៥ឆ្នាំឡើងទៅ ពួកគាត់នឹងមានឱកាសមកធ្វើតេស្តសមត្ថភាពកម្រិតសញ្ញាបត្រវិជ្ជាជីវៈ៣ ប្រសិនបើធ្វើតេស្តជាប់ហើយនោះ ពួកគាត់ក៏នឹងអាចឈានបន្តទៅសិក្សាកម្រិតបញ្ញាបត្ររង ឬបញ្ញាបត្របានដូចអ្នកប្រឡងជាប់សញ្ញាបត្របាក់ឌុបដែរ បានន័យថា កម្រិតសញ្ញាបត្រវិជ្ជាជីវៈ៣ (C3) គឺមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុប។

ជាការចែករំលែកបទពិសោធន៍របស់លោក ស្រូ រិទ្ធី គ្រូបង្គោលជាតិនិងអាស៊ានក្នុងវិស័យទេសចរណ៍មួយរូបដែរនោះ បានលើកទឹកចិត្តដល់យុវជនកម្ពុជា ពិសេសអ្នកដែលប្រឡងធ្លាក់បាក់ឌុប ឬក៏អ្នកបោះបង់ការសិក្សាពីមុនមក សូមកុំអស់សង្ឃឹម ឬលះបង់ការតស៊ូឱ្យសោះ។ យុវជនអាចងាកមកចាប់យកជំនាញណាមួយក្នុងវិស័យទេសចរណ៍ ឬមកទទួលការបណ្ដុះបណ្ដាលពីសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដើម្បីចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ ព្រោះជំនាញក្នុងវិស័យទេសចរណ៍មិនពិបាករកការងារធ្វើនោះឡើយ។

ម្យ៉ាងវិញទៀត ក៏មានប្រជាពលរដ្ឋច្រើនមកហើយ ដែលពីមុនពួកគេធ្លាប់បោះបង់ការសិក្សា ហើយមកចាប់យកការសិក្សាជំនាញវិជ្ជាជីវៈឡើងវិញ រហូតដល់មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ អ្នកខ្លះក៏ថែមទាំងមានឱកាសធ្វើការនៅលើនាវាទេសចរណ៍ឆ្លងដែន ឆ្លងប្រទេស អ្នកខ្លះក៏បានទៅធ្វើការដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដល់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមជាដើម ដោយពួកគេមានមុខតួនាទីល្អៗក្នុងស្ថាប័នរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ក៏មានអ្នកដែលបានរៀនជំនាញទេសចរណ៍ ហើយក្លាយជាម្ចាស់អាជីវកម្មតូចធំជាច្រើនផងដែរ។ នេះគឺជាសារលើកទឹកចិត្តបន្ថែមរបស់លោក ស្រូ រិទ្ធី តួយ៉ាងដូចរូបលោក ក៏ជាធ្លាប់ជាអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដែរ ដោយបានខិតខំអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួន និងទទួលបានការងារល្អៗជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្នលោក ស្រូ រិទ្ធី បានក្លាយជាជំនួយការផ្ទាល់របស់លោក ប៉ែន បូណា ប្រតិភូអមនាយករដ្ឋមន្ត្រី៕