(កំពង់ឆ្នាំង)៖ ដោយសារតែមួយរយៈនេះ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង របស់ប្រជាកសិករក្នុងភូមិសាស្ត្រជាច្រើន ទីតាំងក្នុងខេត្តកំពង់ឆ្នាំង។ លោកអភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន មមាញឹកក្នុងការចុះពិនិត្យ និងរិះរកគ្រប់វិធី ដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដែលកំពុងជួបប្រទះ ការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូមទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេល។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង៧០០ហិកតា ស្ថិតនៅក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិត ដោយសារតែមិនមានទឹកស្រាចស្រព។

បន្ទាប់ពីលោកអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹក រួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក លោកអភិបាលខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿង ជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំង របស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិត ចំនួនជាង៧០០ហិកតា។

លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ថា បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំរួមទាំងក្រុមការងារ ថ្នាក់ស្រុកចុះមូលដ្ឋាន ឃុំខុនរ៉ង់ ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំរបស់លោកមានចំនួនជាង៧០០ហិកតា ដែលរងនូវការក្រៀមស្វិត ដោយសារការខ្វះខាតទឹកស្រោចស្រព លោកបានដាក់សំណើស្នើសុំទៅអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងជាបន្ទាន់ផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹកជួយស្ដារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីធ្វើការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះ ឲ្យបានទាន់ពេលវេលា។

លោកបានបន្តថា បន្ទាប់ពីសំណើរបស់លោកបានទៅដល់លោក អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងហើយនោះ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកអភិបាលខេត្ត និងក្រុមការងារ រួមទាំងមន្ទីរធនធានទឹក បានចុះមកពិនិត្យទីតាំងស្រូវប្រាំង ដែលរងការក្រៀមស្វិតខាងលើនេះ ជាក់ស្ដែង។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿង ដើម្បីធ្វើការជីកស្ដារប្រឡាយមួយខ្សែរ ដែលមានប្រវែងជាង២,៥០០ម៉ែត្រ ដែលប្រឡាយនេះ គម្រោងស្ដារមានទទឹង៥ម៉ែត្រ និងជម្រៅ៣ម៉ែត្រ និងប្រឡា យមួយខ្សែទៀត ត្រូវជីកនាំទឹកពីមាត់ទន្លេ មកដែលមានប្រវែងជាង១.០០០ម៉ែត្រ ប្រឡាយមួយខ្សែនេះដែរ គឺសម្រាប់ផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទូកកាណូតរបស់ពួកគាត់ ដើម្បីយកមករក្សាទុកមូលដ្ឋាន។

ជួសមុខឲ្យប្រជាពលរដ្ឋក្នុងឃុំខុនរ៉ងទាំងអស់ សូមគោរពថ្លែងអំណរគុណដល់លោក អភិបាលខេត្ត ដែលជាថ្នាក់ដឹកនាំដ៏ល្អ ចេះជួយយកអាសារប្រជាពលរដ្ឋទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ បានទាន់ពេលវេលា និងក្រុមការងាររបស់មន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដែលលោកបានយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋក្នុងការសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងរងនូវ ការក្រៀមស្វិតរហូតទៅដល់ជាង៧០០ហិកតាខាងលើនេះ ឲ្យរស់ឡើងវិញ សម្រាប់ជាប្រយោជន៍ក្នុងការដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់៕