(មណ្ឌលគិរី)៖ កូនដំរីព្រៃមួយក្បាលត្រូវបានប្រជាជាពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញដេកងាប់កណ្តាលព្រៃសង្ស័យដោយសារការបាញ់ប្រហារដោយកាំភ្លើង។ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះញែក បានប្រាប់អង្គភាព Fresh News ថា ពួកគាត់បានប្រទះឃើញកូនដំរីព្រៃមួយក្បាលដេកស្លាប់ក្នុងព្រៃត្រង់ចំណុចអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក សង្ស័យងាប់ដោយសារត្រូវគ្រាប់កាំភ្លើង។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ Fresh Newsថា ពិតជាមានករណីបានកើតឡើងប្រាកដមែន លោកកំពុងចាត់ចែងឲ្យជំនាញធ្វើកោសល្យវិច័យហើយ។

លោកបានបញ្ជាក់ថា កូនដំរីព្រៃដែលស្លាប់នោះប្រហែលមានអាយុ៦ខែប៉ុណ្ណោះ។ ក្រុមប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបាននាំគ្នាលើកឡើងថា មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមួយចំនួន ជាពិសេសមន្រ្តីៗដែលមាន តួនាទី ជានាយកដែនជំរកសត្វព្រៃនៅខេត្តមណ្ឌលគិរី ហាក់បីដូចជាគ្មានសមត្ថភាពទប់ស្កាត់ អភិរ័ក្ស ថែរក្សា ឬការពារសត្វព្រៃគ្រប់ប្រភេទដែលជាអម្បូរជីវះចម្រុះសត្វកម្រនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងនោះទេ។

ពលរដ្ឋសង្ឃឹមថា សម្រាប់ករណីនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងបើកការស្រាវជ្រាវតាមចាប់ជនបង្ក មកផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងជាទីបំផុត៕