(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលឲ្យម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឲ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។

ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋ ដែលបានបិទផ្សាយជាសាធារណៈនេះ ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២០០នាក់ ។

លោក ចេង មុនីរ៉ា បានថ្លែងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់ សម្រាប់ប្រជាពលរដ្ឋ ដូច្នេះហើយសូមពិនិត្យ ផ្ទៀងផ្ទាត់ច្បាស់លាស់ ក្នុងរយៈពេល១៥ថ្ងៃនេះ ព្រោះថា ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើន ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។

លោកស្នើប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក។ ដើម្បីមានលទ្ធភាពឲ្យម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើកក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយ ប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាល បានធ្វើការអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ បន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឲ្យបានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានអនុវត្តតាមនីតិវិធីឲ្យបានគ្រប់ៗគ្នា៕