(ព្រះសីហនុ)៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី ដោយសារក្រុមក្មេងទំនើង២ក្រុម បានដេញកាប់គ្នាកណ្ដាលក្រុងព្រះសីហនុ។ ការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅម្តុំខាងក្រោយឌីឌីម៉ាក ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមក្មេងទំនើង២ក្រុម បានដេញវាយតប់គ្នាប្រសាចពេញផ្លូវ មុខផ្ទះប្រជាពលរដ្ឋ បង្កមានការភ័យខ្លាច ភ្លាមៗមានក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ដេកដួលលើដី និងមានរងរបួសធ្ងន់ស្រាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម, លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនបង្ក។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យមួយក្រុម ដែលបង្កហិង្សាហើយបានខ្លួន ខណៈអ្នកបង្កមួយចំនួនកំពុងរត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនខ្លួនជនរងគ្រោះទៅមន្ទីរពេទ្យ ដោយស្ថានធ្ងន់ធ្ងរ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ប៉ុន្តែបានស្លាប់ពេលដល់មន្ទីរពេទ្យ។ ជនរងគ្រោះ មានស្រុកកំណើត នៅខេត្តសៀមរាប។

ជុំវិញករណីក្រុមក្មេងស្ទាវខាងលើនេះដែរ លោកវរសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានជាង១០នាក់ និងកំពុងធ្វើការសាកសួរ ស្រាវជ្រាវបក្ខពួកដែលនៅសេសសល់បន្តទៀត៕