(ស្វីស)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួល ក្នុងគោលបំណងពិនិត្យមើលលើផែនការសកម្មភាពរបស់គណៈកម្មការគាំទ្រអនុសញ្ញាអូតាវ៉ាទាំង៤ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងសម្រេចឱ្យបាននូវគោលដៅអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

អង្គប្រជុំ ក៏បានលើកឡើងអំពីការអនុវត្តមាត្រា៤ ស្តីពីការបំផ្លាញគ្រាប់មីនដែលរក្សាទុក និងបានអបអរសាទរដល់ប្រទេសក្រិក ដែលមានដំណើរការវិជ្ជមានក្នុងការសម្រេចគោលដៅនេះ។ ជាមួយគ្នានេះ អង្គប្រជុំបានផ្តោតជាពិសេសទៅលើប្រទេសអ៊ុយក្រែន ដែលរងការចោទប្រកាន់ថា បានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្ស និងបានស្នើឱ្យបន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហារបស់អ៊ុយក្រែន។

ពាក់ព័ន្ធនឹងសាកលភាវូបនីយកម្មនៃអនុសញ្ញា អង្គប្រជុំបានស្នើឱ្យមានការជំរុញដល់រដ្ឋមិនមែនភាគីអនុសញ្ញាចូលរួមក្នុងអនុសញ្ញា ឬអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាទោះបីខ្លួនមិនមែនជារដ្ឋភាគីក៏ដោយ។ បន្ថែមលើនេះ អង្គប្រជុំបានកំណត់ពីសកម្មភាពសំខាន់ៗ ដែលនឹងត្រូវប្រព្រឹត្តទៅក្នុងឆមាសទី១ ឆ្នាំ២០២៤ និងបានពិនិត្យទៅលើស្ថានភាពថវិកាសម្រាប់ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០៤ ខាងមុខ៕