(ស្វាយរៀង)៖ មានឈ្មួញក្នុងស្រុកដើរប្រមូលទិញអាចម៍គោ អាចម៍ក្របីលក់ឲ្យឈ្មួញវៀតណាម ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងស្រុកចន្រ្ទាជារៀងរាល់ថ្ងៃ ដោយឈ្មួញវៀតណាមថា ទិញអាចម៍គោអាចម៍ក្របីទាំងនេះ សម្រាប់ច្នៃធ្វើជីលក់។
ប្រជាពលរដ្ឋនៅឃុំចន្ទ្រា ស្រុកចន្រ្ទា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ចាប់តាំងពីខែ១១ ឆ្នាំ២០២៣ មកដល់ខែមករា២០២៤នេះ មានឈ្មួញវៀតណាមជាច្រើននាក់ បានដើរប្រមូលទិញអាចម៍គោ អាចម៍ក្របី ដឹកទៅប្រទេសវៀតណាម ដោយអាចម៍គោ អាចម៍ក្របីស្ងួតក្នុង១ការ៉ុង លក់បាន ២,៥០០រៀល (១ការ៉ុង ស្មើនឹង ១៧គីឡូក្រាម ) ហើយក្នុង ១គ្រួសារ ចិញ្ចឹមគោ និងក្របីយ៉ាងតិច ៣០ក្បាល ទៅ ១០០ក្បាល ដើម្បីប្រមូលអាចម៍គោ និងអាចម៍ក្របី ហើយហាល ក្នុង១ខែ គ្រួសារខ្លះ ប្រមូលបានចាប់ពី ៥០ការ៉ុង ទៅ ១០០ការ៉ុង គិតជាប្រាក់ លក់បាន ១២០,០០០រៀល ទៅ ២៥០,០០០រៀល។ គ្រួសារខ្លះ ប្រមូលបាន១៥០ការ៉ុង លក់បាន ៣៧០,០០០រៀល។
ប្រជាកសិករអ្នកចិញ្ចឹមសត្វគោ និងក្របី បានលើកឡើងថា បើគិតជាមធ្យមក្នុងឃុំចន្ទ្រា យ៉ាងតិច៣០០គ្រួសារ ដែលចិញ្ចឹមគោក្របី ហើយប្រជាពលរដ្ឋ ដែលរស់តាមបន្ទាត់ព្រំដែន ក្នុងស្រុកចន្ទ្រា គឺមានប្រមាណ ៨០ភាគរយហើយ ដែលប្រកបមុខរបរចិញ្ចឹមសត្វគោក្របី ដើម្បីយកអាចម៍គោក្របី លក់ឲ្យឈ្មួញវៀតណាម។ ក្នុងស្រុកចន្ទ្រា គឺមាន ៦ឃុំ មានឃុំចន្ទ្រា ឃុំច្រេស ឃុំគគីរ ឃុំមេសថ្ងក ឃុំសំរោង និងឃុំទួលស្តី ដូច្នេះបើរាប់អ្នកចិញ្ចឹមក្របី គឺមិនតិចជាង ១ពាន់គ្រួសារទេ។
ទាក់ទិនករណីនេះ បើតាមមន្ត្រីជំនាញ នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងស្រុកចន្ទ្រា មានប្រជាពលរដ្ឋចិញ្ចឹមសត្វគោក្របី សរុប ១៩១៣៤ក្បាល។ ក្នុងនោះ សត្វក្របី មាន៨៥៣២ក្បាល និងសត្វគោចំនួន ១០៦០២ក្បាល។ នេះបើគិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២៣ ។
ប្រជាកសិករ អ្នកចិញ្ចឹមសត្វគោក្របី បានលើកឡើងថា អាចម៍គោក្របី ដែលឈ្មួញវៀតណាម ប្រមូលទិញ គឺឲ្យតម្លៃថោក។ ដូច្នេះប្រសិនបើមន្ទីរកសិកម្មខេត្តស្វាយរៀង មានវិធានការទប់ស្កាត់ការនាំចេញអាចម៍គោក្របី ទៅប្រទេសជិតខាង ហើយរកទុនវិនិយោគបង្កើតសហគ្រាស ខ្នាតតូច ឬខ្នាតមធ្យម ដើម្បីយកអាចម៍គោ អាចម៍ក្របីទាំងនោះកែច្នៃ ផលិតជីធម្មជាតិ នៅមូលដ្ឋាន ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក រួមទាំងរុក្ខជាតិ និងកាកសំណល់សំរាម កែឆ្នៃផលិតជាជីធម្មជាតិ សម្រាប់លក់ចែកជូនប្រជាកសិករ ប្រើប្រាស់លើដំណាំស្រូវ និងបន្លែបង្កា ជាពិសេសចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិមួយផលិតផលមួយ» របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាព ទើបល្អប្រសើរ។
ប្រភពបន្តថា អាចម៍គោក្របី លក់ចេញទៅប្រទេសវៀតណាម ក្នុង១ឆ្នាំៗ រាប់រយតោន ហើយពេលប្រជាកសិករ ធ្វើស្រែ និងដាំដំណាំ ត្រូវទៅទិញជីគីមី ពីប្រទេសវៀតណាម មកប្រើប្រាស់វិញ ក៏រាប់សិបតោនដែរ។
សូមបញ្ជាក់ថា ប្រជាកសិករខ្មែរនៅតំបន់ព្រំដែន តែងតែឆ្លងដែនទៅទិញជី ថ្នាំ ប្រេង ពីប្រទេសវៀតណាម មកប្រើប្រាស់លើដំណាំស្រូវ និងបន្លែ៕