(ស្វាយរៀង)៖ មានអគ្គិភ័យឆាបឆេះតូបស្តុក និងលក់ស្បែកជើងមួយកន្លែង អស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារភ្លើងឆាបឆេះខ្លាំង មិនអាចជួយពន្លត់បាននោះទេ។

ករណីនេះ កើតឡើងវេលាម៉ោង ២២៖៣៥នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិ ថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ម្ចាស់ផ្ទះឈ្មោះ គង់ វេហា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចនគរបាលស្រុកស្ចាយទាប បានឲ្យដឹងថា នៅមុនពេលកើតម្ចាស់តូប បានអុជធូបក្នុងតូប រួចបិទតូបដូចរាល់ដង ហើយទៅសម្រាកនៅផ្ទះ ដែលនៅខាងក្រោយតូប (តូបលក់ស្បែកជើងនៅខាងមុខផ្ទះ) លុះដលម៉ោង កើតហេតុខាងលើ ស្រាប់តែមានផ្សែងហុយចេញ និងអណ្តាតភ្លើងពីតូបលក់ស្បែកជើងម្ចាស់ផ្ទះ បានស្រែកហៅឲ្យអ្នកជិតខាងជួយពន្លត់ និងទូរស័ព្ទទៅសមត្ថកិច្ចជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ដែរ តែប៉ុន្តែសម្ភារក្នុងតូប ត្រូវបានភ្លើងឆាបឆេះខូចខាតអស់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ថា តូបស្តុក និងលក់ស្បែកជើងនៅខាងមុខផ្ទះ ដែលត្រូវភ្លើងឆេះនេះ ធ្វើអំពីដែកប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ដែលមានបណ្តោយ១០ម៉ែត្រ គុណទទឹង៤ម៉ែត្រ ហើយខូចស្បែកជើងជាច្រើនគូររាប់មិនអស់ គិតជាចំនួនទឹកប្រាក់ប្រហែក១០,០០០ដុល្លារ តូបដាក់ស្បែក និងស្បែកជើងខូចខាតទាំងស្រុង៕

.