(កំពង់ធំ)៖ មួយរយៈពេលនេះ ក្រោយសង្កេតឃើញជនខិលខូចមួយចំនួន បាននាំគ្នាមករំលោភដីរដ្ឋមកធ្វើស្រូវប្រាំងនៅដីតំបន់៣ ដែលជាតំបន់ហាមឃាត់របស់រាជរដ្ឋាភិបាល ពោលមិនអនុញ្ញាតឲ្យអាស្រ័យផលនៅលើដី ឬជីកប្រឡាយយកទឹកមកស្រោចស្រពនៅលើស្រូវប្រាំងនោះទេ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញចម្រុះពិនិត្យទីតាំងដីនៅតំបន់។

សេចក្តីរាយការណ៍របស់មន្រ្តីសាលាខេត្ត បានឲ្យដឹងថា ជនខិលខូចកំពុងរំលោភបំពានដីធ្វើស្រែប្រាំងចំនួន ១៦៣ហិកតា ៧២អា ស្ថិតនៅតំបន់គោកព្រះ តំបន់ខ្ទុមមួយដើម និងតំបន់ស្នែងក្របី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអភិបាលខេត្ត នៅក្នុងឱកាសនោះ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះតាមដានសកម្មភាពរបស់ជនខិលខូច ដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ អនុវត្តនីតិវិធីតាមផ្លូវ ច្បាប់។ ចំពោះការឈូសឆាយនេះ លោកមិនអនុញ្ញាតនោះទេ លោកនឹងចាត់វិធានការតឹងរឹងដើម្បីផ្ដន្ទាទោស៕