(កោះកុង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតីនីតិសម្បទា ខេត្តកោះកុង នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីបើកផ្ដល់របបគោលនយោបាយ ជូនជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ខេត្តកោះកុង ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានជនពិការភាព ចំនួន២២៥នាក់ និងបានប្រគល់ប័ណ្ណសម្គាល់ជនពិការភាព ដល់រដ្ឋបាលក្រុង ស្រុកទូទាំងខេត្តកោះកុង ចំនួន ៩៥០ប័ណ្ណ។

កម្មវិធីនេះ បានរៀបចំឡើងស្ថិត នៅសាលមហោស្រពខេត្តកោះកុងក្រោមវត្ដមាន លោក សំឃិត វៀន អភិបាលរងខេត្ត និងមានការចូលរួមពីមេបញ្ជាការរងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, លោក-លោកស្រី អភិបាលរងក្រុង ស្រុក លោក លោកស្រី មន្ត្រីរាជការគ្រប់ស្ថាប័ណ្ណជុំវិញខេត្ត និងចាស់ជរា ជនពិការភាព។

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច បានថ្លែងថា ការប្រារព្ធទិវាជនមានពិកាភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិកាភាពអន្តរជាតិលើកទី៤១ និងបើកផ្ដល់របបគោលនយោបាយ ជូនជនពិកាក្រីក្រ នៅតាមសហគមន៍ ខេត្តកោះកុង ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដើម្បីផ្តល់ប័ណ្ណសង្គមកិច្ចជូន ដល់ជនមានពិការភាព សម្រាប់របបគោលនយោបាយ ចំពោះជនពិការភាព នៅតាមសហគមន៍ និងពន្យល់ឲ្យគាត់យល់ ក្នុងការប្រើប្រាស់ ប័ណ្ណសំគាល់ ដែលបានផ្តល់ជូនគាត់ ពីព្រោះកន្លងមកក្រសួង និងសមីមន្ទីរសង្គមកិច្ចខេត្ត បានធ្វើការបណ្ដុះបណ្ដាលស្ដីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជូនដល់មន្ត្រីស្រុកក្រុងឃុំសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីឃុំសង្កាត់ ក្នុងការរៀបចំទិន្នន័យអត្តសញ្ញាណពិការភាព ដែលមានលក្ខណៈ ស្តង់ដាររួមជាមួយតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ជាមូលដ្ឋាន និងកំណត់ក្រុមគោលដៅជនមានពិការភាព។

លោក សំ ឃិតវៀន អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនៅតាមសហគមន៍ ពិសេសជនមានពិការភាព ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។

ជាក់ស្តែងក្រៅពីការបើកផ្តល់ប្រាក់របបគោលនយោបាយខាងលើ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងរៀបចំឯកសារគោលប្រតិបត្តិ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជនមានពិកាភាពមកពីគ្រួសារមានប័ណ្ណសមធម៌ គឺជាក្រុមទទួលផល ក្នុងចំណោមក្រុមគោលដៅរបស់កម្មវិធី។

ក្រៅពីនេះ មូលនិធិជនពិការ តាមរយៈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ ក៏បាននិងកំពុងបម្រើសេវាផ្តល់សម្ភារៈ ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងសាងសង់ផ្ទះ ដល់បងប្អូនដែលមានជីវភាពខ្វះខាត ជួបការលំបាកខ្លាំងផងដែរ។

លោកអភិបាលរង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្ដោតការយកចិត្តទុកដាក់ លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្ដុំ សង្គតភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ»

រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់នៅគោលនយោបាយអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាងអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីចូលរួមចំណែកការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរៈភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕