(ស្ទឹងត្រែង)៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅឯលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្ត និងលោក ហង់ កុង ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង និងសមាជិក សមាជិកា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ និងតំណាងគណបក្សនយោបាយផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ហង់ កុង បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្តោតលើចំណុចសំខាន់ដូចជា៖

* ការបិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
* ការអនុវត្តការងារបោះឆ្នោត ត្រូវបានឆ្លងកាត់ដំណាក់កាលសំខាន់ៗចំនួន ០២ (ដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលនៃការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត)
* ការប្រើប្រាស់ និងបំពេញទម្រង់បែបបទ ១០០៧ (ទ.១០០៧)
* ផែនការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ
* អំពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

ក្នុងកិច្ចប្រជុំនោះក៏មានមតិលើកឡើងពីសមាជិកនៃអង្គប្រជុំ ដែលមកពីតំណាងគណបក្សនយោបាយរួមមាន៖ តំណាងគណបក្សប្រជានជនកម្ពុជា គណបក្សឆន្ទៈខែ្មរ គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងតំណាងគណបក្សកម្លាំងជាតិ។

លោក ញ៉ែម សារី បានថ្លែងដ៏មានអត្ថន័យជូនអង្គប្រជុំ ដោយផ្តោតទៅលើការងាររៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព ឲ្យបានល្អប្រសើរជុំវិញការងារ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសុំឲ្យភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយត្រូវសហការ គោរពច្បាប់ និងក្រមសីលធម៌ ឲ្យបានល្អ ប្រសើរជៀសវាង កុំឲ្យកើតមានអសន្តិសុខក្នុងខេត្ត ជុំវិញការងារបោះឆ្នោត។

លោក ហង់ កុង ក៏បានថ្លែងបូកសរុប និងបិទអង្គប្រជុំ ដោយបានធ្វើការផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធ ជាពិសេសតំណាងគណបក្សនយោបាយ ដែលចូលរួមប្រជុំ អនុវត្តតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ឲ្យបានត្រឹមត្រូវ ដើម្បីចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យបានល្អប្រសើរ៕