(បន្ទាយមានជ័យ)៖ លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសិក្ខាកាម ដែលបានសិក្សាក្នុងវគ្គ «បណ្ដុះបណ្ដាល អំពីការផលិតកែច្នៃចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការពង្រីកទីផ្សារ និងការត្រៀមខ្លួនក្នុងការនាំចេញ ខេត្តបន្ទាយមានជ័យ» ចុះធ្វើទស្សនកិច្ចសិក្សានៅសិប្បកម្ម សញ្ញាភ្នំមាស ផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស ដែលមានទីតាំងនៅ ភូមិគោរដ្ឋាន សអូរអំបិល ស្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការចុះទស្សនកិច្ចសិក្សានេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៤ ក្រោមគម្រោងជំនួយរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយសហការជាមួយអគ្គនាយកដ្ឋាន សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

លោក ញ៉ិល ប៊ុនធឿន បានថ្លែងថា វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល២ថ្ងៃនេះ បានសិក្សាពីមូលដ្ឋានគ្រឹះចម្បងសំខាន់ៗ នៃការផលិត ផលិតផល សុវត្ថិភាពម្ហូបអាហារ គុណភាពនិងស្តង់ដារអនាម័យ។

ដោយឡែកសិក្ខាកាមទាំងអស់បានស្វែងយល់កាន់តែច្បាស់ពីខ្សែច្រវ៉ាក់ផលិតកម្ម ដំណើរការផលិត ការវេចខ្ចប់ ការរក្សាទុក្ខផលិតផលសម្រេច ការរក្សាទុកវត្ថុធាតុដើមគ្រឿងផ្សំ ដែលមានស្តង់ដារអនាម័យល្អ ដើម្បីជាបទពិសោធន៍ យកទៅអនុវត្តនៅក្នុងសិប្បកម្មរបស់ខ្លួន សម្រាប់ជំរុញលើកកម្ពស់ដំណើរការបច្ចេកទេស ក្នុងផលិតកម្មម្ហូបអាហារ ឲ្យមានគុណភាពស្តង់ដារ និងតំរូវការទីផ្សារក្នុងស្រុក ហើយអាចបន្តនាំចេញ ទៅក្រៅប្រទេសបានផងដែរ។

លោក ញ៉ិល ប៊ុនធឿន ក៏បានលើកទឹកចិត្តឲ្យសិប្បករ ផលិតករ ខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការផលិត លទ្ធផលក្នុងស្រុក ឲ្យមានគុណភាពខ្ពស់ និងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា ងាកជួយគាំទ្រផលិតផលនៅក្នុងស្រុក ពីព្រោះនៅពេលបច្ចុប្បន្ននេះ ផលិតផលមួយចំនួន ដែលបរទេសផលិតបាន ខ្មែរយើងក៏អាចផលិតបានដែរ ហើយផលិតផលទាំងនោះ កំពុងតែលក់នៅលើ ទីផ្សារត្រដមត្រសងគ្នា។ ប្រសិន បើយើងទាំងអស់គ្នាងាកមកប្រើប្រាស់ ផលិតផលក្នុងស្រុក នោះគឺបានជួយឲ្យសេដ្ឋកិច្ច ក្នុងប្រទេស បានដើរវិលជុំ និងអាចចំណេញបានច្រើនថែមទៀត។

សូមបញ្ជាក់ថា សិប្បកម្ម សញ្ញាភ្នំមាស គឺជាសិប្បកម្មដែលមានផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស ដែលមានរយៈពេល ៣០ឆ្នាំមកហើយ ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាសិប្បកម្មមួយ ដែលទទួលស្គាល់ ដោយស្តង់ដារអនាម័យ ISO,HACPP, Hazard និងវិញ្ញាបនប័ត្របញ្ជាក់ពីគុណភាពផលិតផលជាច្រើនទៀត និងមានការអនុវត្ត ស.៥ (សម្រិតសម្រាំង, សំអាត, សណ្ដាប់ធ្នាប់, ស្ថិតស្ថេរ, ស្តង់ដា) បានយ៉ាងភ្ជាប់ខ្ជួន៕