(ភ្នំពេញ)៖ ប្រតិភូដឹកនាំគ្រូបង្វឹក និងកីឡាករយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ របស់សាលាជាតិទន្លេបាទីនៃកម្ពុជា នឹងមកដល់ព្រលាន យន្តហោះពោធិ៍ចិនតុង អន្តរជាតិនាម៉ោង១១៖៣០នាទីយប់ស្អែកនេះ។ នេះបើយោងតាម Facebook Page របស់ FFC។
ក្នុងការវិលត្រឡប់នេះដែរ U-15 កម្ពុជា ក៏បាននាំយកពានជើងឯកប្រចាំព្រឹត្តិការណ៍ U15 Boys Football Tournament 2016 ដែលមាន ចិនធ្វើម្ចាស់បន្ទាប់ពី U-15 កម្ពុជាបានយកឈ្នះក្រុម U-15 Sduchor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហាក្នុងវគ្គផ្តាច់ព្រ័ត្រ។
៥ប្រកួតនៅទឹកដីចិន មុនឈ្នះជើងឯក ក្រុមយុវជនថ្នាលគោព្រៃកម្ពុជា លេងមិនចាញ់ឡើយ ក្រៅពីឈ្នះ៤ដង និងស្មើ១ដង ដោយមាន វត្តមានកីឡាករលេចធ្លោ សៀង ចន្ធា, ស៊ាន សុភក្រា្ត និង អាត អូនតូច ជាដើម។
ក្នុងដំណើរត្រឡប់មកកម្ពុជាវិញនៅថ្ងៃចន្ទ ទី២៩ ខែសីហាស្អែកនេះ ក៏នឹងមានរៀបចំវិធីទទួលស្វាគមន៍ផងដែរ ហើយសហព័ន្ធកីឡា បាល់ទាត់កម្ពុជា ក៏បានអំពាវនាវដល់បងប្អូនអ្នកគាំទ្រ ទាំងអស់អញ្ជើញចូលរួមទទួលក្រុមយុវជន U-15 ឲ្យបានច្រើនកុះករទៀតផង៕