(ភ្នំពេញ)៖ លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យ លោក Jonathan KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះសមិទ្ធផលនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា និងនូវែលសេឡង់ និងរីករាយដែលប្រទេសទាំងពីរ បានឈានដល់ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត។

បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្តោតលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការបោសសម្អាតមីន ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មនិងវិនិយោគ ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងឯកភាពរិះរកវិធីដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាថ្មីម្ដងទៀត កម្ពុជា-នូវែលសេឡង់ ក៏បានផ្លាស់ប្តូរទស្សនៈបន្ថែមអំពីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការទាក់ទាញទេសចរ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងបញ្ហាដែលជាក្ដីកង្វល់រួមដូចជា៖ ការប្រែប្រួលអាកាសធាតុ បញ្ហាតំបន់ និងអន្ដរជាតិផងដែរ៕