(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) បានបើកកិច្ចប្រជុំទ្វេភាគីពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូរវាងប្រទេសទាំងពីរលើកដំបូងក្នុងឆ្នាំ២០២៤។

កិច្ចប្រជុំទ្វេរភាគីនេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ នៅសាលប្រជុំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ភាគី កយកា-KOICA ដឹកនាំដោយលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ កយកា-KOICA ប្រចាំនៅកម្ពុជា។ ចំណែកភាគីកម្ពុជា ដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីគម្រោងសម្រាប់ឆ្នាំ២០២៥ ផែនការសម្រាប់គម្រោងថ្មី សម្រាប់ឆ្នាំ២០២៦ និងការធ្វើបច្ចុប្បន្នភាពលើកម្មវិធីដែលកំពុងដំណើរការ។ ភាគីទាំងសងខាងក៏បានពិភាក្សាអំពីការរៀបចំ ពិធីសម្ពោធអគារថ្មីសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

ក្នុងជំនួបនោះលោកស្រី Choi Moon Jung បានកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួន ជាពិសេស គណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) សម្រាប់កិច្ចសហការដ៏ល្អ ក្នុងការធានាឱ្យទទួលបានជោគជ័យនៃគម្រោង និងកម្មវិធីរបស់កយកា-KOICA នៅកម្ពុជា។

ទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កយកា-KOICA និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។

លោកបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដែលបានធ្វើដោយកយកា-KOICA។

ភាគីទាំងពីរក៏បានពិភាក្សាបន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) រវាងកម្ពុជា និងកូរ៉េ។ ភាគីទាំងសងខាងក៏បានផ្តោតសំខាន់ទៅលើជំហានបន្ទាប់នៃការងាររវាង កយកា-KOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦។

កាលពីឆ្នាំមុន កយកា-KOICA ប្រារព្ធខួបលើកទី២០ នៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតការិយាល័យកម្ពុជានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣ កយកា-KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើវិស័យស្នូលចំនួន៤ ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗដែលគម្រោង និងកម្មវិធីទាំងអស់មានតម្លៃប្រហែល ៣៦៦,៥លានដុល្លារ ពីឆ្នាំ១៩៩១-២០២៣៕