(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ដអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជា សំដៅបម្រើប្រយោជន៍សុខភាពប្រជាជន។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំប្រតិភូ អញ្ជើញទស្សនកិច្ច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងដំណើរទស្សនកិច្ចដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកន្លងមកបានសហប្រតិបត្ដិការជាមួយក្រសួងសុខាភិបាល លើកិច្ចការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស កិច្ចការចែករំលែកចំណេះដឹង រួមទាំងបទពិសោធន៍ការងារជំនាញផ្នែកមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវ និងបច្ចេកទេសផ្សេងៗទៀត។

លើសពីនោះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរួមចំណែកឆ្លើយតបប្រឆាំងការឆ្លងរាតត្បាតនៃកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចក្នុងនាមជាមន្ទីរពិសោធន៍ទីមួយនៅកម្ពុជា ដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀត នៃវិស័យសុខាភិបាល។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានគូសរម្លឹកថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាព និងនវានុវត្ដន៍ ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកទេសផ្សេងៗទៀត ជាពិសេសនៅពេលដែលមានការរីកសាយភាយការឆ្លងជាសកល»

ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏សង្ឃឹមថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងទទួលបាននូវការពង្រីកក្នុងការអភិវឌ្ឍ ដើម្បីបំពេញទៅតាមតម្រូវការរបស់វិទ្យាស្ថានប៉ាស្ទ័រ ទៅតាមក្បួនខ្នាតវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដោយប្រមូលផ្ដុំនូវធនធានទាំងឡាយ អភិវឌ្ឍន៍វិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសការបំពេញនូវមុខងារបន្ថែម ដល់មន្ទីរពិសោធន៍កម្ពុជា។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានអត្ថន័យរបស់លោកសាស្ដ្រាចារ្យ ហើយសន្យាថា នឹងបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការឱ្យកាន់តែប្រសើរថែមទៀត។

ក្នុងឱកាសស្វាគមន៍ដំណើរទស្សនកិច្ចលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី លោកសាស្ត្រាចារ្យ Pr André SPIEGEL បានជម្រាបជូនពីសកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកន្លងមក រួមទាំងការងារគោលដៅ ក្នុងភាពជាដៃគូអភិវឌ្ឍជាមួយក្រសួងសុខាភិបាល ជាពិសេសបានផ្តោតលើជំងឺឆ្លងនានា និងបញ្ហាសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ព្រមទាំងក្នុងតំបន់ ក្នុងនោះមានជំងឺឆ្លងដោយពួក arbovirus ដោយវីរុសផ្លូវដង្ហើម ជំងឺឆ្កែឆ្កួត HIV និងជំងឺផ្សេងៗទៀត៕