(ភ្នំពេញ)៖ តំណាងសិក្ខាកាម នៃវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៥ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បាននាំយកនូវថវិកា ចំនួន២,៥០០ដុល្លារ របស់សិក្ខាកាមទាំងអស់ ដែលបានចូលរួមបរិច្ចាគម្នាក់បន្តិចៗ ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងបុព្វហេតុដើម្បីកុមារកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាកាមនៃវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៥ មានសិក្ខាកាមសរុបចំនួន៣៦១រូប (នារី ៥១រូប) មកពី១៤អង្គភាព ចំណុះក្រសួងមហាផ្ទៃ ក្រោយបានសិក្សារយៈពេល៣ខែ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានមូលមតិគ្នាក្នុងការរៃអង្គាសថវិកាទាំងនេះ ដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការ និងបន្តនូវបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា។

ទោះបីជាថវិកាដែលបាននាំមកជូននាពេលនេះ ចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

តំណាងសិក្ខាកាម ក៏បានថ្លែងអំណរគុណ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញទាំងខ្មែរ និងបរទេស ព្រមទាំងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះជីវិតកុមារកម្ពុជា ផ្តល់នូវក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារកម្ពុជាទាំងអស់ ប្រកបដោយស្នាមញញឹម មិនប្រកាន់វណ្ណៈ ពូជសាសន៍អ្វីឡើយ។

គួរជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យតែមួយគត់ដែលទទួលយកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺដល់កុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដោយមិនគិតថ្លៃប្រកបដោយការយកចិត្តទុកដាក់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត៕