(កំពង់ឆ្នាំង)៖ លោកបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះមកផ្តល់គ្រាប់ពូជបន្លែ ដល់ប្រពលរដ្ឋចំនួន៥៩៩នាក់ មកពី៦ភូមិ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីផ្ដល់គ្រាប់ពូជបន្លែ ដល់ប្រជាពលរដ្ឋខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំពោធិ៍ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងសមាជិកភូមិទាំង៦ រួមទាំងក្រុមយុវជន ស.ស.យ.ក ជាច្រើនរូបទៀត បានអញ្ជើញចូលរួមផ្តល់គ្រាប់ពូជបន្លែ ដែលមានដូចជា៖ ពូជគ្រាប់ពោត, ត្រប់ស្រួយ, ស្ពៃចង្កិះ, សណ្ដែកកួរ និងគ្រាប់ពូជបន្លែប៉េងប៉ោះ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ៥កញ្ចប់ ដែលមានគ្រាប់ពូជចំនួន៥មុខផងដែរ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋលេខាធិការ ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ ពេលទទួលបានគ្រាប់ពូជទាំងនេះ ហើយសូមឲ្យយកទៅធ្វើការដាំដុះ ដោយទទួលបានទិន្នផលល្អ និងទុកសម្រាប់ធ្វើពូជនៅឆ្នាំក្រោយៗទៀត។

ឆ្លៀតឱកាសនេះដែរ លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយសាររដូវនេះជារដូវប្រាំង ហេតុនេះត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លើងផ្សែងទាំងឡាយ ដោយចៀសវាងការកើតឡើង នូវអគ្គិភ័យដែលបណ្ដាលឲ្យឆាបឆេះផលដំណាំ និងលំនៅដ្ឋានរបស់បងប្អូនផងដែរ។

ប្រជាពលរដ្ឋក្នុងឃុំពោធិ៍ទាំង៥៩៩ គ្រួសារបានថ្លែងអំណរគុណ ដល់លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ប្រជាកសិករ ដោយបានផ្តល់នូវគ្រាប់ពូជបន្លែជាច្រើនមុខ មកដល់ពួកគាត់។ ពួកគាត់សន្យាថា នឹងយកគ្រាប់ពូជទាំងអស់នេះ ទៅធ្វើការដាំដុះ ដោយយកចិត្តទុកដាក់ថែទាំឲ្យបានល្អ ដើម្បីទទួលបានទិន្នផលខ្ពស់ សម្រាប់ជីវភាពគ្រួសារ និងទុកសម្រាប់ធ្វើពូជនៅឆ្នាំក្រោយៗទៀត៕