(កណ្តាល)៖ យុវជន និងយុវតីនៅក្នុងឃុំខ្ពបអាទាវ ស្រុកលើកដែក ១៤៨នាក់ទៀត បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។ សមាជិកថ្មីទាំងនេះ បានយល់ឃើញថា គណបក្សប្រជាជន កម្ពុជា គឺជាគណបក្សចាស់ទុំមួយនៅកម្ពុជា និងមានគោលនយោបាយច្បាស់លាស់ក្នុងការរក្សាស្ថេរភាពនយោបាយ និង អភិវឌ្ឍន៍ប្រទេសជាតិ។
ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលយុវជន-យុវតីជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូល ដ្ឋានស្រុកលើកដែក។
លោកស្រី ឃួន សុដារី បានថ្លែងថា ការសម្រេចចិត្តរបស់យុវជនទាំង ១៤៨នាក់ ក្នុងការដើរតាមគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ត្បិតគណបក្សនេះមានអាយុចាស់ទុំ និងបានកសាងគុណសម្បត្តិច្រើនសម្រាប់ប្រទេសជាតិ។
អ្នកស្រី បានថ្លែងដូច្នេះ «គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ ប្រវត្តិសាស្ត្រយូរលង់ ធ្លាប់បានជួយរំដោះប្រទេសជាតិ ពីអាណានិគមនិយមបារាំង ពិសេសការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា ជាអ្នកនាំមកនូវសុខសន្តិភាព ស្ថេរភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកស្រី ឃួន សុដារី បានបញ្ជាក់បន្ថែមថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាបុរេលក្ខណៈ ដែលនាំឲ្យយុវជន យុវតី មានឱកាសសិក្សារៀនសូត្រ មានការងារធ្វើសមរម្យ និងឱកាសចូលរួមគ្រប់សកម្មភាពសង្គម និងនយោបាយ។
លោកស្រី បន្ថែមថា គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនបោកប្រាស់ប្រជាជន ធ្វើអ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និង ប្រជាជនកម្ពុជា។
លោកស្រី ក៏បានជំរុញយុវជន យុវតី ត្រូវចុះធ្វើចលនាជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែកទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ក៏ដូចជាការបោះ ឆ្នោតជាតិឆ្នាំ២០១៨៕