(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដឹកនាំដោយលោកវេជ្ជបណ្ឌិត OKAWADA Manabu (អូកាវ៉ាដា ម៉ាណាប៊ុ) ប្រធានមន្ទីរពេទ្យ បានចុះធ្វើទស្សនកិច្ច ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ដើម្បីចែករំលែកបទពិសោធន៍ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងបុគ្គលិកមន្ទីរពេទ្យបង្អែក ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យជាដៃគូ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ច ដែលផ្តួចផ្តើមឡើងដោយ លោក ជា សុផារ៉ា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនេះ បានផ្តល់នូវការសិក្សាស្វែងយល់នូវគន្លឹះថ្មីៗ បទពិសោធន៍ថ្មីៗ លើវិស័យសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត ប្រកបដោយស្នាមញញឹម ធានាបានការផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នា លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានវាយតម្លៃខ្ពស់ លើការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកស្រុក បើប្រៀបធៀបទៅនឹងដំណើរទស្សនៈកិច្ចលើកទី១ កន្លងទៅ ដោយបានសំណូមពរ ឲ្យរៀបចំរចនាសម្ព័ន្ធនៃការព្យាបាលបន្ស៉ីគ្នាឲ្យដូចទៅនឹងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដើម្បីធ្វើការរួមគ្នាដោយរលូន ។

បន្ទាប់មក ក្រុមគ្រូពេទ្យមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ៍ រាជធានីភ្នំពេញ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ជំងឺគ្រោះថ្នាក់ដោយស្ទះ និងដាច់សរសៃឈាមខួរក្បាល (Stroke) ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានធ្វើបទបង្ហាញលម្អិតពីគ្រោះថ្នាក់ ដោយសារជំងឺ Stroke ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន ទទួលរងគ្រោះថ្នាក់ រហូតបាត់បង់ជីវិត និងខ្លះទៀតត្រូវស្លាប់មួយចំហៀងខ្លួន នៅដេកឈឺនៅលើគ្រែពេទ្យ ហើយខ្លះទៀតធ្លាក់ខ្លួនឈឺជាច្រើនខែឆ្នាំ ត្រូវសម្រាកព្យាបាលតាមផ្ទះជាដើម។

ក្នុងឱកាសនោះដែរ លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានថ្លែងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលបានមកធ្វើសិក្ខាសាលាផ្សព្វផ្សាយ ជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុក និងបងប្អូនប្រជាពលរដ្ឋទូទៅ ឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃជំងឺ Stroke នេះ។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំការសាងសង់ដោយ លោក ជា សុផារ៉ា សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើគម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្តង់ដា ទទួលបានជោគជ័យ ក្នុងនោះមានអគារមន្ទីរពេទ្យថ្មីធំៗចំនួន២ មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកនេះ និងមានបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ៕