(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង និងល្មើសផ្សេងៗ ចំនួន២១១គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន២៣៤គ្រឿង (រថយន្ត ចំនួន៥គ្រឿង, ម៉ូតូ ចំនួន២២៩គ្រឿង)៖

*ទី១៖ ល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន៧គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៤នាក់ អ្នកបើកបររថយន្ត ចំនួន៣នាក់, កម្រិត ០.៤៩mg/L ឡើង ចំនួន១៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៤នាក់ និងអ្នកបើកបររថយន្ត ចំនួន២នាក់។

*ទី២៖ បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង, គ្មានកញ្ចក់មើលក្រោយ ចំនួន០២គ្រឿង, កែច្នៃស៊ីម៉ាំង ចំនួន២គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន៣គ្រឿង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»