(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា បានថ្វាយសារលិខិតអបអរសាទរចំពោះ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងព្រះឋានៈជា សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។

ក្នុងឱកាសដ៏នក្ខត្តឫក្សប្រកបដោយមហាកិត្តិយសនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក តាមជួយបីបាច់ថែរក្សាប្រោះព្រំព្រះសព្វសាធុការ ពរជ័យមហាប្រសើរគ្រប់យ៉ាងថ្វាយ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង់ ព្រមទាំង ព្រះរាជវង្សានុវង្ស សូមប្រកបដោយព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ បញ្ញាញាណភ្លឺថ្លា និងសម្រេចបានជោគជ័យគ្រប់ប្រការតរៀងទៅ៕