Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបក្សប្រឆំាងដ៏ល្បីម្នាក់ របស់វេណេហ្ស៊ុយអេឡា ត្រូវបញ្ជូនទៅពន្ធនាគារសារជាថ្មី ព្រោះចង់បង្កភាពញុះញង់អស្ថិរភាពសង្គម

28-08-2016 18:43

(វេណេហ្ស៊ុយអេឡា)៖ មេដឹកនំាគណបក្សប្រឆំាងដ៏ល្បីល្បាញម្នាក់ និងជាអ្នករិះគន់ឥតសំចៃមាត់ នៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា លោក Daniel Ceballos ត្រូវបានគេបញ្ជូនទៅកាន់ពន្ធគារ ជាថ្មីម្ដងទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែសីហានេះ។

លោក Ceballo ត្រូវបានគេដោះលែងឱ្យមានសេរីភាពកាលពីឆ្នំាមុន តែត្រូវស្ថិតនៅក្រោមការជាប់ឃុំនៅក្នុងផ្ទះ។ ជុំវិញការចាប់ខ្លួននៅពេលនេះ ក្រសួងមហាផ្ទៃ វេណេហ្ស៊ុយអេឡាបានឱ្យដឹងថា លោក Ceballos មានគម្រោងរត់គេចខ្លួននៅក្នុងខែនេះ ក៏ដូចជាគ្រោងនឹងធ្វើសកម្មភាពញុះញង់ ឱ្យមានអំពើហឹង្សាក្នុងការ តវ៉ាមួយ ដែលអាចនឹងធ្វើឡើងនៅ ថ្ងៃទី០១ ខែកញ្ញានេះ។

សូមជំរាបថា ជាអតីតអភិបាលក្រុងលោក Ceballos ត្រូវបានអាជា្ញធរចាប់ខ្លួនកាលពីខែមីនា ឆ្នំា២០១៤ ក្រោមបទញុះញង់ឱ្យមានការប្រព្រឹត្តិអំពើហឹង្សា នៅអំឡុងពេលនៃបាតុកម្មតវ៉ាមួយប្រឆំាង នឹងវិបត្តិកង្វះស្បៀងអាហារ អតិផរណា និងអំពើឧក្រិដ្ឋកម្ម។ បាតុកម្មតវ៉ានៅកាល ណោះបានបណ្ដាលឱ្យមនុស្សច្រើនជាង ៤០នាក់ស្លាប់បាត់ជីវិត។

សម្រាប់ក្រុមបក្សប្រឆំាង ការចាប់ខ្លួននេះ គឺជាការបំបាក់ស្មារតីចំពោះអ្នកប្រឆំាង នឹងរដ្ឋាភិបាល និងបានចាត់ទុកថា លោក Ceballos ជាអ្នកទោសនយោបាយ។ ក៏ប៉ុន្តែផ្ទុយទៅវិញប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Niclas Maduro បាននិយាយថា មេដឹកនំាបក្សប្រឆំាងរូបនេះជាឧក្រិដ្ឋជន ដែលមានគោលបំណង បង្កអស្ថេរភាព នៅក្នុងប្រទេស ហើយរដ្ឋាភិបាលក៏មិនបានឃុំខ្លួន អ្នកទោសនយោបាយដែរ៕