(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាកិត្តិយសនៃសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ដោយបញ្ជាក់ថា ភាពខ្លាំង និងថាមពលរបស់ស្ត្រី កើតចេញពីសាមគ្គីភាព។

អ្នកឧកញ៉ា ថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយស លើប្រធានបទស្តីអំពី «ភាពខ្លាំងនៃសាមគ្គីភាពរបស់ស្រ្តី» រៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា នៅលើពិភពលោកនេះ ទីណាដែលមានស្ត្រី ពឹងផ្អែកលើស្ត្រី និងមានអ្នកដឹកនាំជាស្ត្រី ទីនោះកាត់បន្ថយអំពើហិង្សា កូនចៅសុខសាន្ត និងការរីកចម្រើនខ្ពស់។ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឲ្យសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជា មានសកម្មភាពកាន់តែសកម្ម ខណៈមានជាង ២០០០នាក់ ឯអ្នកសកម្មមានតែជាង ១០០នាក់ ដែលនេះអ្នកឧកញ៉ាចាត់ទុកថា ជាកម្លាំងនៅតិចបំផុត។

អ្នកឧកញ៉ា បានលើកឡើងទៀតថា បើតាមធនាគារពិភពលោក និងក្រសួងកិច្ចការនារី សព្វថ្ងៃគាំទ្រស្ត្រីជាង ៥០០នាក់ជាសហគ្រិន ផ្តល់ការងារឲ្យប្រជាពលរដ្ឋ ១៥០០០នាក់ ហើយរាប់លាននាក់ទៀត ដែលត្រូវបានផ្តល់ការងារឲ្យធ្វើ។ មានតែកម្លាំងស្ត្រីទេ ដែលអាចធ្វើឲ្យអ្វីៗ មានការប្រែប្រួលយ៉ាងធំធេង។

«អីចឹង រួមចំណែកខ្លាំងណាស់ ដល់រាជរដ្ឋាភិបាល ដល់ប្រទេសជាតិ មានតែនារីទេ ដែលអាចបង្កើតការជះឥទ្ធិពលដ៏ធំ ដែលអាចធ្វើឲ្យអ្វីៗ មានការប្រែប្រួលច្រើន។ នារី គឺមានភាពទន់ភ្លន់ សំឡេងមុត ហើយធ្ងន់ដែលភាគច្រើន បុរសពិបាកបដិសេធ»។ អ្នកឧកញ៉ា បានបញ្ជាក់បែបនេះ។

ក្នុងឱកាសនោះដែរ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានថ្លែងអំណរគុណអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខក្នុងការរៀបចំវេទិកាសហគ្រិនស្រ្តីនេះ។

សូមជម្រាបថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយរួម។ បើតាមគេហទំព័ររបស់សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមនេះ ត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយស្ថាបនិកជាស្រ្តីចំនួន ១៥រូប ក្រោមគំនិតផ្តួចផ្តើមដោយ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី, លោកស្រី លីលី សម្បត្តិ និងការចូលរួមគាំទ្រពីលោក សុក ស៊ីផាន់ណា និងធនាគារពិភពលោក៕