(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូន ដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែស ឲ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលជលផល មានសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្ដើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃ ក្នុងការចូលរួមថែរក្សាការពារនូវធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន។

ដោយឡែកនាពេលថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រី ដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិសកម្មភាពនេះ អាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។

រដ្ឋបាលជលផល បានបញ្ជាក់ថា វារីសត្វ ឬប្រភេទត្រី ដែលមានប្រភពពីក្រៅប្រទេស មួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រីឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើន នៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឲ្យប៉ះពាល់ដល់ពូជក្នុងស្រុក។

បញ្ហានេះ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូន ដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែស ឲ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ ករណីបងប្អូនមានបំណងលែងត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញជលផល តាមលេខទូរស័ព្ទដូចខាងក្រោម។

រដ្ឋបាលជលផល សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ដែលនេសាទ បានឲ្យបានផុសផុលថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលយើងឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩០៨ ១២១, ០៩៩ ៧៩១ ៩១៩, ០១២ ៩១១ ៤១១៕