(កំពង់ធំ)៖ យ៉ាងហោចណាស់មានស្រូវប្រាំង៥០០ហិកតា របស់ប្រជាកសិករនៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវប្រឈមនឹងការខ្វះទឹកស្រោចស្រពនៅមុននេះជិត១ខែ ប៉ុន្តែក្រោមការខិតខំខ្នះខ្នែងដោះស្រាយបញ្ហាពីសំណាក់អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងប្រជាកសិករម្ចាស់ស្រែផងនោះ ស្រូវស្ទើរតែទាំងអស់ត្រូវបានសង្គ្រោះឡើងវិញ។

គួរជម្រាបថា នៅមូលដ្ឋានស្រុកតាំងគោក ដោយសារប្រជាកសិករមើលឃើញថាទឹកនៅក្នុងប្រឡាយមេនៅសល់ច្រើន ក៏នាំគ្នាធ្វើស្រែប្រាំងលើកទី៣ម្នាក់បន្តិចៗទៀត សរុបប្រមាណ៥០០ហិកតាដែរ តែក៏ជួបបញ្ហាខ្វះទឹកនេះតែម្ដង។ ទោះបីយ៉ាងនេះក្ដី ក៏អាជ្ញាធរមិនឈរមើលនឹងភ្នែកនោះឡើយ ដោយបានរួសរាន់ចុះស្រង់ស្ថិតិ សាកសួរពីទុក្ខកង្វល់របស់កសិករដល់ទីស្រែ និងបញ្ជូនរបាយការណ៍ទៅកាន់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីស្នើសុំគោលការណ៍ណែនាំដោះស្រាយជូនកសិករឱ្យបានទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបញ្ហាខ្វះទឹកបញ្ចូលស្រែនេះហើយ លោកទេសរដ្ឋមន្ត្រី ថោង ខុន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំឱ្យប្រញាប់ដោះស្រាយបញ្ហានេះជូនកសិករឱ្យបានទាន់ពេល ក្នុងនោះមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការស្វះស្វែងរកប្រភពទឹកនៅតំបន់ជុំវិញ ដើម្បីបូមទម្លាក់បញ្ជូនមកកាន់ប្រឡាយមេ ដែលអាចនាំទឹកមកដល់ស្រែស្រូវដែលកំពុងប្រឈមទាំងនោះ។

អនុវត្តតាមគោលការណ៍ណែនាំនេះ លោក ហាក់ ម៉ុងហួត លោកមេឃុំពង្រ និងសហការីដទៃទៀត បានទៅសម្របសម្រួលជាមួយសហគមន៍ទឹកឆា នាស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលនៅជាប់នឹងស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីស្នើសុំបង្ហូរទឹកមួយចំនួនបញ្ជូនមកកាន់ប្រឡាយមេនៃឃុំពង្រ។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏ដើរប្រមូលទឹកពីប្រឡាយផ្សេងៗដែលនៅសល់ទឹកខ្លះ បូមបញ្ចូលមកប្រឡាយមេបន្ថែមទៀត ដើម្បីសង្គ្រោះឱ្យបានមួយជំហានដំបូងសិន។

លោកអភិបាលស្រុកតាំងគោកបានបន្តថា កិច្ចការសំខាន់មួយទៀត គឺមន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរបានទៅរកប្រភពទឹកនៅឯស្ទឹងជីនិត និងអូរស្វាយ ហើយមន្ទីរធនធានទឹកបានប្រើប្រាស់ម៉ាស៊ីនបូមទឹកធំៗចំនួន៤គ្រឿង ក្នុងនោះដាក់ប្រចាំការបូមនៅដំណាក់១ចំនួន២គ្រឿង និងដំណាក់ទី២ចំនួន២គ្រឿងទៀត ដើម្បីបញ្ជូនទឹកពីប្រភពស្ទឹងនិងអូរទាំង២នោះ ទម្លាក់មកប្រឡាយមេដែលហូរមកកាន់ផ្ទៃដីស្រែស្រូវនៅឃុំពង្រ ហើយក៏ត្រូវប្រើម៉ាស៊ីបូមឡើង១ដំណាក់ទៀតដែលជាដំណាក់ទី៣ ដើម្បីបញ្ជូនទឹកឡើងឱ្យកៀកជិតនឹងស្រែស្រូវរបស់កសិករ ពោលគឺទម្រាំបានទឹកមកបញ្ចូលស្រែជូនប្រជាកសិករជាង៥០០ហិកតានេះ មិនមែនជាការណ៍ងាយនោះទេ តែយ៉ាងអាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានមិនរុញរាសោះឡើយ។

នៅដំណាក់ទី៣នេះ ក៏មានការចូលរួមពីប្រជាកសិករយ៉ាងសស្រាក់សស្រាំក្នុងការជួយបូមទឹកឡើង ជួយគ្នាចេញប្រេងចាក់ម៉ាស៊ីនបូមទឹក ពិសេសគឺការចូលរួមក្នុងការបែងចែកទឹកដោយគ្មានភាពលំអៀងជាដើម ដែលរឹតតែធ្វើឱ្យលោកអភិបាលស្រុកកាន់តែមានកម្លាំងចិត្ត ក្នុងការជួយជំរុញកិច្ចការនេះបន្ថែមទៅទៀត។

លោក អ៊ុំ គឹមសាន មេឃុំពង្រ បានឱ្យដឹងថា បច្ចុប្បន្នការងារសង្គ្រោះស្រូវប្រាំងជាង៥០០ហិកតានេះ គឺធ្វើបានជាង៧០ភាគរយហើយ ហើយប្រសិនបើទឹកនៅតែបញ្ចូនមកដូចស្ថានភាពបច្ចុប្បន្ននេះ គឺនឹងអាចសង្គ្រោះបាន១០០ភាគរយជាពុំខាន តែទោះបីថាខូចខាតក៏មានតិចតួចបំផុតដែរ។

លោកមេឃុំពង្របានបន្តថា ប្រសិនបើមានទឹកគ្រប់គ្រាន់ ស្រែស្រូវរបស់ប្រជាកសិករអាចទទួលបានផលលើសពី៥តោន ខណៈតម្លៃស្រូវឥឡូវនេះគឺលក់បាន១គីឡូក្រាម អាចបាន១៤០០រៀល ដូច្នេះប្រសិនបើខាតក៏មិនខាតច្រើនដែរ ឬក៏អាចបានចំណេញតិចតួចក៏ថាបាន។

កសិករ នន់ ប៊ុនហុង បានឱ្យដឹងថា លើកទី៣នេះលោកឆ្លៀតធ្វើបន្ថែមបាន៤,៥ហិកតាដែរ ហើយរហូតមកដល់ពេលនេះ លោកបានបង្ហូរទឹកបញ្ចូលស្រែជិតគ្រប់គ្រាន់ហើយ នៅខ្វះបន្តិចបន្តួចប៉ុណ្ណោះ ហើយលោកមានក្ដីរីករាយចំពោះការយកចិត្តទុកដាក់របស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងលោកមេឃុំ ដែលបានខិតខំខ្នះខ្នែងដោះស្រាយបញ្ហាទឹកជូនកសិករគ្រប់គ្នា។

ជាមួយគ្នានោះ លោក វ៉ា ដេន ដែលជាកសិករមួយរូបដែរនោះ បានបញ្ជាក់ថា លោកធ្វើស្រែលើកទី៣នេះបានតែជាង១ហិកតាទេ ដោយសារដំបូងឡើយឃើញមានទឹកនៅសល់ច្រើនក្នុងប្រឡាយមេ តែដល់ពេលក្រោយមកក៏បែរជាខ្វះទឹកទៅវិញ តែយ៉ាងណាឃើញអាជ្ញាធរស្រុក អាជ្ញាធរឃុំបានជួយប្រជាកសិករយ៉ាងសស្រាក់សស្រាំ ដែលធ្វើឱ្យស្រែស្រូវជាច្រើនមានទឹកបញ្ចូលឡើងវិញ។

កសិករទាំង២រូបក៏សង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជួយបូមបញ្ចូនទឹកចូលប្រឡាយមេបន្តទៀត ដើម្បីទុកសម្រាប់បញ្ចូលស្រែឱ្យបានគ្រប់គ្រាន់ រហូតដល់ពេលប្រមូលផល ខណៈនៅតែជាង១ខែ ឬជិត២ខែទៀតប៉ុណ្ណោះ។

ឆ្លើយតបនឹងសំណូមពរនេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏នៅតែតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយឱ្យស្រែស្រូវបន្តមានទឹកស្រោចស្រព រហូរដល់ពេលប្រមូលផល ហើយលោកក៏ដូចជាសហការីមិននឿយហត់នឹងកិច្ចការដើម្បីប្រជាពលរដ្ឋនោះឡើយ។ មន្ត្រីរាជការ និងប្រជាពលរដ្ឋកោតសរសើរលោកអភិបាលស្រុករូបនេះថា គាត់ប្រឹងធ្វើការគ្មានសៅរ៍អាទិត្យនោះឡើយ៕