(សៀមរាប)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប។
ពិធីនេះក៏មានការចូលរួមពីលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក អ៉ឹង គឺមលាង អភិបាលរងខេត្តសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី ជាទីប្រឹក្សាជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្តាល រាជធានី-ខេត្ត ក្រុង ស្រុក មន្ត្រីរាជការជុំវិញខេត្ត សមាគមយុវជននានាសរុបប្រមាណជិត ៣០០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោក អ៉ឹង គឹមលាង បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតរសេីរខ្ពស់ចំពោះសកម្មភាពយុវជនស្រលាញ់សន្តិភាព ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមនាពេលកន្លងមកគួរឱ្យកត់សម្គាល់។ រហូតមកដល់ថ្ងៃនេះក៏បានកែសម្រួលរចនាសម្ព័ន្ធដឹកនាំបន្ថែម ដោយប្រគល់ភារកិច្ច និងការទទួលខុសត្រូវជូនលោក សោម សមសក្តិ ជាប្រធានកិត្តិយស លោក ទែន រតនា ជាប្រធានប្រតិបត្តិ និងលោក ម៉ន សំអាត ជាអនុប្រធានប្រចាំការ ដេីម្បីដឹកនាំយុវជនស្រលាញ់សន្តិភាព ធ្វេីសកម្មភាពផ្ទាល់ក្នុងខេត្តសៀមរាប។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានប្រតិបត្តិថ្នាក់កណ្តាល បានបញ្ជាក់ថា ការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាបនេះ គឺដេីម្បីជំរុញសកម្មភាពការងាររបស់យុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះសំដៅទៅរកលទ្ធផលការងារល្អប្រសេីរ សម្រាប់ចូលរួមចំណែកបម្រេីជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន តាមឃុំ-សង្កាត់ និងក្រុង-ស្រុក ក្នុងខេត្តសៀមរាបនេះផ្ទាល់ ហេីយយុវជនស្រលាញ់សន្តិភាពត្រវគោរព និងឱ្យតម្លៃដល់មនុស្សចាស់ ហេីយត្រូវរៀនសូត្រគំរូល្អៗរបស់រៀមច្បងសមាគមយុវជននានាឱ្យខាងតែបានបន្ថែមទៀត ព្រោះការរៀនសូត្រគ្មានទីបញ្ចប់នោះទេ ប៉ុន្តែការយកចិត្តទុកដាក់នឹងរៀនសូត្រនឹងជួយឱ្យយេីងទទួលបានចំណេះដឹងរួមជាមួយបទពិសោធន៍ល្អៗសម្រាប់ទុកជាដេីមទុនជីវិត ដេីម្បីអភិវឌ្ឍន៍ខ្លួនឱ្យមានអនាគតល្អ។
ជាមួយគ្នានេះលោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែបានផ្តល់ភាពយុត្តិធម៌ និងផ្តល់ឱកាសដោយស្មេីរភាពដល់យុវជនកម្ពុជាគ្រប់រូបក្នុងការចូលរួមបម្រេីសង្គមជាតិ ជាក់ស្តែងដូចជាសកម្មភាពរបស់បងប្អូនយុវជនស្រលាញ់សន្តិភាព និងបងប្អូនក្នុងសមាគមយុវជនផ្សេងៗទៀត ដែលតែងតែបានចូលរួមចំណែជាកម្លាំងសាមគ្គីចលករដ៏សំខាន់ បម្រេីដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ដូច្នេះយេីងជាយុវជន បេីមានឱកាសហេីយយេីងត្រូវចាប់ឱកាសនោះឱ្យជាប់ ហេីយប្រឹងរែកអម្រែកការងារឱ្យរួច ដេីម្បីក្លាយទៅជាយុវជនបន្តវេនប្រកបដោយថាមពល និងផ្តល់ជាក្តីសង្ឃឹមរបស់រៀមច្បង ក៏ដូចជាថ្នាក់ដឹកនាំយេីង៕