(ស្វាយរៀង)៖ ពិធី «ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១» ធ្វើឡើងនៅសាលាគណខេត្តស្វាយរៀង ក្រោមអធិបតីសម្តេចព្រះមហារិយវង្ស យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាជាព្រះអធិបតី។

ពិធី «ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១» ធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ជាតំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា, លោក ម៉ែន កល្យាណ អភិបាលរងខេត្ត ជាតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជាមួយនឹងការអញ្ជើញធ្វើបទបង្ហាញស្តីពី «ការផ្សះផ្សា សម្រុះសម្រួលដោះស្រាយទំនាស់ ដែលកើតមានក្នុងវិស័យព្រះពុទ្ធសាសនា» ដោយលោក ប៉ុល លឹម សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារអនុសំវច្ឆរលើកទី៣១នេះ មានដូចខាងក្រោម៖

១៖ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ១-គណៈសង្ឃគ្រប់ជាន់ថ្នាក់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រូវពង្រឹងយន្តការដែលមានស្រាប់និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ ឱ្យស្ថិតក្នុងវិន័យ សីលធម៌និងអភិសមាចារ ស័ក្តិសមជាសមណសក្យបុត្ដនៃពុទ្ធសាសនាថេរវាទកម្ពុជានិងជាបុញ្ញខេត្តដ៏ល្អគួរជាទីគោរពបូជារបស់ មហាជន។ ចំពោះករណីអធិករណ៍កើតឡើងក្នុងជួរគណៈមហានិកាយ មន្ត្រីសង្ឃគ្រប់ឋានានុក្រមត្រូវយកចិត្ត ទុកដាក់ដោះស្រាយជាអាទិភាពនិងឆាប់រហ័ស មិនត្រូវធ្វេសប្រហែសទុកចោលរហូតដល់ក្លាយជាបញ្ហាធំ បណ្តាលឱ្យមានភាពអាស្រូវ ប៉ះពាល់ដល់កិត្យានុភាពនិងសក្តានុពលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ គណៈសង្ឃនាយកគប្បីរៀបចំឱ្យមានកិច្ចប្រជុំនិងពិភាក្សារវាងមន្ត្រីសង្ឃថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានឱ្យរៀងរាល់មួយត្រីមាសម្តង ដើម្បីរិះរកមធ្យោបាយដឹកនាំបន្ថែមនិងធ្វើកំណែទម្រង់ការគ្រប់គ្រងសង្ឃនិងភាពជា អ្នកដឹកនាំសម្រាប់កង់ពុទ្ធចក្រ ជាប្រយោជន៍ដល់ការរក្សាបាននូវវឌ្ឍនភាពនៃពុទ្ធសាសនាតទៅទៀត។

២៖ មន្ត្រីសង្ឃមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងនោះរួមមាន ព្រះមេគណ ព្រះគ្រូអនុគណនិងព្រះចៅអធិការ គប្បីបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនិងពង្រឹងពុទ្ធិកបឋមសិក្សាឱ្យបានរឹងមាំ មាននិរន្តរភាពនិង គុណភាពខ្ពស់សម្រាប់សមណសិស្សដែលកំពុងទទួលការបណ្តុះបណ្តាលនិងអប់រំ។ សាលាគណ សាលាអនុគណ និងវត្តអារាមក្នុងខេត្តនីមួយៗ គប្បីរួមសហការគ្នាបង្កើតមូលនិធិពុទ្ធិកបឋមសិក្សាដើម្បីទ្រទ្រង់ដំណើរការនិង ការប្រព្រឹត្តិទៅនៃសាលាពុទ្ធិកបឋមសិក្សា សំដៅធានាបាននូវវឌ្ឍនភាពនិងភាពស្ថិតស្ថេរយូរអង្វែង។ ចំពោះ សាលាដែលមានមូលនិធិរួចហើយត្រូវបន្តពង្រឹងនិងពង្រីកឱ្យបានល្អប្រសើរតទៅមុខទៀត។ គណៈសង្ឃថ្នាក់ ជាតិនិងថ្នាក់មូលដ្ឋាន គប្បីរៀបចំយន្តការបន្ថែមដើម្បីលើកទឹកចិត្តដល់អ្នកសិក្សាភាសាបាលី-សំស្ក្រឹតដែល ជាមូលដ្ឋានគ្រឹះពុទ្ធសាសនាក្នុងគ្រប់កម្រិតពុទ្ធិកសិក្សារួមមាន៖ ពុទ្ធិកបឋម ពុទ្ធិកមធ្យម ពុទ្ធិកឧត្តមនិងពុទ្ធិកក្រោយឧត្ដមសិក្សា។

៣៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចសហការជាមួយអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ក្នុងការរៀបចំដាក់បញ្ចូលមេរៀនសមាធិ-វិបស្សនានិងការបដិបត្តិជាក់ស្តែងក្នុងកម្មវិធីសិក្សា នៃសាលាពុទ្ធិកៈគ្រប់កម្រិតជាជំហ៊ានៗ ដើម្បីជាប្រយោជន៍ឱ្យសមណសិស្ស-សមណនិស្សិតនឹងនិស្សិតដែល កំពុងទទួលការបណ្តុះបណ្តាលក្នុងសាលាពុទ្ធិកសិក្សា មានចំណេះដឹងផ្នែកខាងការអប់រំចិត្តតាមរយៈការសិក្សា ទ្រឹស្ដីសមថ-វិបស្សនាកម្មដ្ឋាននិងការបដិបត្តិជាក់ស្តែង។

៤៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់បន្តលើកទឹកចិត្តមន្ត្រីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះ អប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រកុលធីតាខ្មែរក្នុងសាលាសាធារណៈ (សាលារបស់រដ្ឋ) និង តាមសហគមន៍នានាដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ សុចរិតធម៌និង ការចែករំលែកជាវិជ្ជមានក្នុងសង្គម។ ស្នើក្រសួងធម្មការនិងសាសនាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្របសម្រួលបញ្រ្ជាបនិងដាក់បញ្ចូលមេរៀនសីលធម៌ពុទ្ធសាសនាក្នុងសាលារៀនរបស់រដ្ឋ ក្នុងកម្រិត ណាមួយ ដែលអាចធ្វើទៅបាន ជាប្រយោជន៍ដល់ការរួមចំណែករបស់ពុទ្ធចក្រជាមួយអាណាចក្រសំដៅលើក កម្ពស់សីលធម៌ក្នុងសង្គមខ្មែរតទៅទៀត។

៥៖ អំពីការផ្សព្វផ្សាយព្រះធម៌របស់បព្វជិត ភិក្ខុ សាមណេរ ជាធម្មកថិកអ្នកសម្តែងធម៌ត្រូវធ្វើឡើងឱ្យ ស្របតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស មិនត្រូវប្រាសចាកអង្គនៃធម្មកថិក មិនគប្បីមានមោទនភាពជ្រុល ក្នុងការសម្តែងធម៌ មិនត្រូវសម្តែងក្នុងន័យវាយប្រហារបំបាត់ប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អ ដោយប្រកាន់ថា ខ្លួនបរិសុទ្ធ អ្នកដទៃដែលកំពុងប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ថាមិនបរិសុទ្ធប្រាសចាកធម៌វិន័យនិងប្រកាន់ ថាខ្លួនចេះម្នាក់ឯងត្រឹមត្រូវម្នាក់ឯងគ្មាននណាចេះស្មើខ្លួន។ ជាមួយគ្នានេះ បព្វជិតអ្នកសម្តែងធម៌គប្បីតម្កល់ ឧត្តមគតិនិងមនសិការខ្ពស់ ក្នុងការរក្សាការពារតម្លៃខេមរពុទ្ធសាសនា (ពុទ្ធសាសនាបែបខ្មែរ) ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរ បានយកពុទ្ធសាសនាមកច្របាច់បញ្ចូលជាមួយប្រពៃណីទំនៀមទម្លាប់របស់ខ្លួនយ៉ាងជ្រាលជ្រៅ ជាច្រើនសតវត្សរ៍រួចទៅហើយ និងត្រូវមានឆន្ទៈក្នុងការអភិរក្សពុទ្ធវចនៈ ព្រមទាំងវប្បធម៌-អរិយធម៌ខ្មែរដ៏ល្អពី បុរាណកាល។

៦៖ សម័យកាលនេះជាសម័យកាលសាកលភាវូបនីយកម្ម ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈទំនើប ហើយត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីទាញយកផលប្រយោជន៍វិជ្ជមានជាច្រើនដល់សង្គមមនុស្ស ប៉ុន្តែ ផលអវិជ្ជមានក៏បានកើតមានឡើងក្នុងវឌ្ឍនភាពនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះផងដែរ។ ទន្ទឹមនឹងនេះ ឥទ្ធិពល អាក្រក់មួយចំនួនបានប៉ះពាល់ដល់តម្លៃ កិត្យានុភាពនិងសក្តានុពលពុទ្ធសាសនា ព្រមទាំងកិត្តិយសនិងសេចក្តី ថ្លៃថ្នូររបស់ថ្នាក់ដឹកនាំទាំងព្រះសង្ឃទាំងគ្រហស្ថជាបន្តបន្ទាប់។ ដូច្នេះ ដើម្បីទប់ស្កាត់អំពើអកុសលដែលអាច កើតមានឡើងជាយថាហេតុ គណៈសង្ឃកម្ពុជា សូមដាក់បទប្បញ្ញត្តិសម្រាប់ព្រះសង្ឃខ្មែរទូទៅដើម្បីអនុវត្តនូវ គោលការណ៏ដូចខាងក្រោម៖
- ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក យូធូប តិកគុកជាដើម ត្រូវប្រើប្រាស់ ក្នុងផ្លូវវិជ្ជមាន ជាកុសល ប្រកបដោយវិន័យ សីលធម៌និងអភិសមាចារក្នុងភាពជាឧត្ដមភេទ (ភេទជាបព្វជិត សមណៈអ្នកបួស) សំដៅនាំមកនូវឧត្តមប្រយោជន៍តែម្យ៉ាងប៉ុណ្ណោះសម្រាប់ ពុទ្ធសាសនានិងសង្គម។
- បព្វជិតពុទ្ធសាសនា ភិក្ខុ សាមណេរ ដែលស្ថិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមត្រូវ បញ្ឈប់នូវរាល់ការផ្សព្វផ្សាយនិងចែកចាយសារអវិជ្ជមានគ្រប់រូបភាពរួមមាន សារជាអក្សរ សារជា សំឡេង សារជាវីដេអូនិងសារមានចរិតលក្ខណៈជាអកុសល ញុះញ៉ង់ បំបែកបំបាក់សាមគ្គីភាព រវាងសង្ឃនិងសង្ឃ រវាងសង្ឃនិងគ្រហស្ថ និងសាមគ្គីភាពជាតិខ្មែរ។
- ការប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ត្រូវជៀសវាងឱ្យបាននូវភាពអនាធិតេយ្យ អកុសល ភាពអសីលធម៌ ប្រាសចាកវិន័យនិងសេចក្តីថ្លៃថ្នូរដែលនាំឱ្យប៉ះពាល់ដល់ពុទ្ធសាសនា ច្បាប់សង្គម សណ្ដាប់ធ្នាប់សាធារណៈ កិត្យានុភាពជាតិ ប្រពៃណីទំនៀមទម្លាប់ខ្មែរ តម្លៃនិងកិត្តិយសកេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំប្រទេសគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។

៧៖ ក្នុងព្រះរាជាណាចក្រកម្ពុជា ពិតជាសម្បូរទៅដោយប្រាសាទបុរាណនិងវត្តអារាមចំណាស់ៗ ដែល មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ព្រមទាំងវត្តអារាមសាងថ្មីជាច្រើនទូទាំងប្រទេស។ ទន្ទឹមនឹងនះសាទបុរាណមួយចំនួន ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌជាតិនិងសម្បត្តិបេតិកភ័ណ្ឌពិភពលោកមានតម្លៃជាសាកលហើយ។
វត្តអារាមពុទ្ធសាសនាមួយចំនួនទៀតមានទីតាំងស្ថិតនៅជិតកៀកប្រាសាទបុរាណ ក្នុងតំបន់គ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះផងដែរ សំណង់បុរាណជាច្រើនទៀតស្ថិតនៅតាមវត្តអារាមនានាទូទាំង ប្រទេសក្រៅពីតំបន់អាជ្ញាធរជាតិអប្សរាគ្រប់គ្រង។ ដូច្នេះ មុននឹងធ្វើការសាងសង់សំណង់ថ្មី ការជួសជុលនិង ការរុះរើសំណង់បុរាណ ក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានិងសំណង់បុរាណស្ថិតក្នុងវត្តអារាមនានា ទូទាំងព្រះរាជាណាក្រកម្ពុជាដែលពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នមានភារកិច្ចអភិរក្សការពារ គណៈសង្ឃគ្រប់ជាន់ ថ្នាក់និងព្រះសង្ឃដែលមានតួនាទីគ្រប់គ្រងវត្តអារាម ត្រូវសហការជាមួយអាជ្ញាធរជាតិអប្សរានិងក្រសួងធម្មការ និងសាសនាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា

៨៖ បន្តពង្រឹងនិងពង្រីកការកសាងវត្តអារាមរដ្ឋធម្មយុត្តិកនិកាយខ្មែរ បង្កើតឱ្យមានសាលាធម្មវិន័យ ពុទ្ធិកសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស បង្កើតសាលារៀនព្រះធម៌ដល់កុមារនិងបរិស័ទតាមមូលដ្ឋាន ឱ្យមានមណ្ឌលវិបស្សនាកម្មដ្ឋាន បដិបត្តិអប់រំចិត្ត អប់រំជំនាញនិងវិធីដោះស្រាយអធិករណ៍នានាដោយមាន ការប្រឡងប្រជែងជាប្រចាំ។

៩៖ ព្រះសង្ឃធម្មយុត្តិកនិកាយខ្មែរ ត្រូវពង្រឹងរក្សាសាមគ្គីភាពរវាងបព្វជិតនិងបព្វជិត បព្វជិតនិងបរិស័ទ ដោយចូលរួមក្នុងសកម្មភាពសង្គម សង្គ្រោះចំពោះបរិស័ទទូទៅដោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុង តំបន់របស់ខ្លួន ឬទីតាំងដែលខ្លួនមានសកម្មភាពនិងបន្តរួមគ្នាទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជាដើម្បីឱ្យ មានសុខសន្តិភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ព្រះវត្តមានដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះតំណាងដ៏ខ្ពស់ខ្ពស់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះគឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ និងជានិច្ចនិរន្តចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាវិស័យមួយកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងបណ្តុះបណ្តាលធនធានបញ្ញា ចំណេះដឹងទូទៅ ព្រះធម៌ សីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឃដ្ឋានទូទាំងប្រទេស និងដោយឡែកក្នុងខេត្តស្វាយរៀង។

សូមបញ្ជាក់ផងដែរថា ខេត្តស្វាយរៀងសព្វថ្ងៃ ស្រុកមានចំនួន៦ និងក្រុងចំនួន២។
ចំពោះវិស័យព្រះពុទ្ធសាសនា៖
* វត្តគណ:មហានិកាយមានចំនួន២៤៦ វត្ត និងគណ: ធម្មយុត្តិកនិកាយ មានវត្តចំនួន១វត្ត។
* ព្រះសង្ឃសរុប មានចំនួន ២២៥៣អង្គ ភិក្ខុ ៩៣៨ អង្គ សាមណេរ១៣១៥ អង្គ។
* មានសាលាពុទ្ធិកបឋមសិក្សា៣១កន្លែង ដែលមានសមណសិស្ស១០៣៥អង្គ គ្រូបង្រៀន៦០រូប
* មានសាលាធម្មវិន័យ៣១កន្លែងមានសមណសិស្ស៤៧២ អង្គគ្រូបង្រៀន៣១ រូប
* មានសាលាពុទ្ធិកអនុវិទ្យាល័យ០១កន្លែង មានសមណសិស្ស១៥៧ អង្គ/នាក់គ្រូបង្រៀន២០ អង្គ/នាក់
* សរុបសមណសិស្ស១៦៥៩ អង្គ/នាក់
* សរុបគ្រូបង្រៀន១០៤ អង្គ/នាក់ ៕