(ភ្នំពេញ)៖ លោកស្រី អរណា សាហ្គីវ (Orna SAGIV) អគ្គរដ្ឋទូតអ៉ីស្រាអែល ទទួលបន្ទុកនៅកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការពង្រីកវិសាលភាពនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងអ៉ីស្រាអែល ខណៈបច្ចុប្បន្ននេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតតិចតួចនៅឡើយ។
ការបង្ហាញនូវសុទិដ្ឋិនិយមរបស់អគ្គរដ្ឋទូតអ៉ីស្រាអែល ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកស្រីបានថ្លែងថា មានវិស័យមួយចំនួន ដែលភាគីទាំងពីរបានស្វែងយល់ និងជំរុញឱ្យកាន់តែខ្លាំង។ ក្នុងនោះរួមមានវិស័យកសិកម្ម ដែលភាគីទាំងពីរបានជំរុញ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនកសិកម្មអ៉ីស្រាអែលជាច្រើន បាននិងកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ម្រេចខ្មៅ ឬផ្លែប័រ និងការកែច្នៃអាហារផ្សេងទៀត។
ជាមួយគ្នាវិស័យ បច្ចេកវិទ្យា នវានុវត្តន៍ ក៏ជាភាពខ្លាំងមួយរបស់អ៉ីស្រាអែល ដែលអាចនឹងជួយដល់ការច្នៃប្រឌិត ក្នុងវិស័យកសិកម្ម វិស័យធនាគារ និងវិស័យទឹកស្អាតនៅកម្ពុជាជាដើម។
លោកបញ្ជាក់បន្ថែមថា «ថ្វីត្បិតយើងមិនមានស្ថានទូតរបស់យើងប្រចាំនៅភ្នំពេញ ប៉ុន្តែការពិតយើងទទួលខុសត្រូវ ពីទីក្រុងបាងកក លើប្រទេសកម្ពុជាផងដែរ ដែលជាស្ពានមួយរវាងប្រទេសយើងទាំងពីរ ក្នុងការស្វែងរកឱកាស ដើម្បីពង្រីកវិសាលភាពនេះ។ យើងមានសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែលយ៉ាងសកម្មនៅក្នុងទីក្រុងភ្នំពេញ។ ពួកគេធ្វើការយ៉ាងសកម្មក្នុងការព្យាយាមធ្វើសកម្មភាពគ្រប់ប្រភេទ ហើយកន្លងមកក៏មានគណៈប្រតិភូកម្ពជា ទៅប្រទេសអ៉ីស្រាអែល ហើយខ្ញុំសង្ឃឹមថាគណៈប្រតិភូរបស់យើង ក៏មកទីនេះផងដែរ»។
លោកស្រីសង្ឃឹមថា នៅចុងឆ្នាំនេះមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរកិច្ចកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចនៅអ៉ីស្រាអែល ដើម្បីស្វែងយល់អំពីវិស័យណាដែលសមស្របសម្រាប់កិច្ចសហការ៕