(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជាបានលើកឡើងថា អ៉ីស្រាអែល កំពុងគិតគូរពិនិត្យលទ្ធភាពក្នុងនាំយកពលករខ្មែរ ក្នុងវិស័យកសិកម្ម ដើម្បីចេញទៅបម្រើការងារ នៅប្រទេសអ៉ីស្រាអែល។
លោកស្រីបញ្ជាក់ថា អ៉ីស្រាអែលជាគោលដៅចម្បង សម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក ដែលចាត់ទុកអ៉ីស្រាអែល ជាគោលដៅសម្រាប់មកធ្វើការ។
លោកស្រីលើកឡើងដូច្នេះថា «ខ្ញុំពិតជារីករាយជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជាចូលចិត្តប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់តាំងពីដើមដំបូងមកថា សក្តានុពលរបស់ពួកគេមានច្រើនណាស់។ រឿងមួយដែលខ្ញុំចង់ចាប់ផ្តើមស្វែងយល់នៅពេលនេះ គឺលទ្ធភាពនាំកម្មករ កម្មការីកសិកម្មពីកម្ពុជា ទៅធ្វើការនៅប្រទេសអ៉ីស្រាអែល។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ខ្ញុំដឹងថាអ៉ីស្រាអែលជាគោលដៅចម្បងសម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក ដែលពួកគេចាត់ទុកអ៉ីស្រាអែល ជាគោលដៅដែលពួកគេពិតជាចង់មកធ្វើការ»។
លោកស្រីបន្តថា «ខ្ញុំពិតជាសង្ឃឹមថា យើងនឹងចាប់ផ្តើមការចរចាជាផ្លូវការមួយចំនួន ក្នុងពេលឆាប់ៗនេះរវាងរដ្ឋាភិបាលរបស់យើងទាំងពីរ។ យើងចង់ធ្វើឱ្យប្រាកដថា យើងការពារកម្មករដែលនឹងមកអ៉ីស្រាអែល។ ដូច្នេះយើងចង់ឱ្យមាន MoU រវាងរដ្ឋាភិបាលយើងទាំងពីរ គឺរវាងក្រសួងការងារកម្ពុជា និងក្រសួងមហាផ្ទៃអ៉ីស្រាអែល។ សង្ឃឹមថា ការចរចាទាំងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ ហើយខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងកំណត់ការចាប់ផ្តើមសម្រាប់រឿងនោះ។ ហើយសង្ឃឹមថាឆាប់ៗនេះ យើងនឹងអាចចាប់ផ្តើមបញ្ជូនមនុស្សទៅអ៉ីស្រាអែល»។
សូមជម្រាបថា បច្ចុប្បន្ននេះនិស្សិតកម្ពុជាប្រមាណ៤៥០នាក់ កំពុងសិក្សា និងធ្វើការនៅប្រទេសអ៉ីស្រាអែល ក្នុងវិស័យកសិកម្ម។ នៅពេលត្រឡប់មកកម្ពុជាវិញ ពួកគេបានផ្តល់អត្ថប្រយោជន៍សម្រាប់ខ្លួនឯង និងគ្រួសារ ព្រមទាំងសហគមន៍ទាំងមូលផងដែរ។
បច្ចុប្បន្ននេះនិស្សិតគ្រប់គ្នា គឺមានសុវត្ថិភាព ហើយពួកគេបន្តការសិក្សា បន្តធ្វើការដដែល ខណៈសង្គ្រាមនៅពេលនេះ គឺមានតែនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ មិនមាននៅក្នុងតំបន់អ៉ីស្រាអែលទៀតឡើយ៕